ក្រោយពីបានបង្ហោះថានឹងដើរចេញពីកម្មវិធី«ផ្ទះលោកតា» និង«សំណើចតាមភូមិ» លោកដួង សុខគា ក៏បានប្រកាសប្រាប់ថានឹងមិនត្រលប់ទៅធ្វើជាពិធីករក្នុងកម្មវិធីទាំងនោះវិញទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា មិនចង់ប្រឈមមុខនឹងមនុស្សមួយចំនួន នៅក្នុងកម្មវិធីទាំង២។ លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានឆ្លើយតបថាលោកនឹងករណីនេះថា លោកយល់ព្រមទទួលយកការសម្រេចរបស់លោកសុខគា ដោយសារតែយល់ឃើញថានេះជារឿង ដែលធ្លាប់កើតឡើងច្រើនដង ដោយគ្រាន់តែកន្លងមក លោកសុខគា មិនដល់ថ្នាក់បង្ហោះជាសាធារណៈ។
លោកដួង សុគា និយាយថាការប្រកាសដើរចេញពីកម្មវិធី២ របស់លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ គឺដោយសារតែលោកយល់ថាខ្លួន លែងមានសមត្ថភាពសម្រាប់កម្មវិធីទាំង២ ដូចមុនទៀតហើយ និងថាលោកអស់សមត្ថភាព គឺមានតែឲ្យផ្សេងធ្វើម្ដងប៉ុណ្ណោះ។ លោកថាបើចំណេះជំនាញរបស់ខ្លួនលែងមានតម្លៃ គឺមានតែការដើរចេញប៉ុណ្ណោះ ដើម្បីឲ្យអ្នកដែលពូកែជាងលោកគេបានបំពេញការងារជំនួស និងដើម្បីកុំឲ្យកើតមានបញ្ហា។ លោកមិនបានសំដៅថាអ្នកណាធ្វើឲ្យលោកឆេះដុំនោះទេ ដោយគ្រាន់តែលោកបង្ហើបថា លោកមិនសប្បាយចិត្តនឹងបន្តការងារ ក្នុងកម្មវិធី«ផ្ទះលោកតា» និង«សំណើចតាមភូមិ» ទើបលោកសម្រចចិត្តដើរចេញ។ លោកបានបង្ហើបថាមិនចូលចិត្តធ្វើការជាមួយអ្នកមិនឲ្យតម្លៃលោកនោះទេ ប៉ុន្តែលោកក៏មិនមែនទាមទារឲ្យដក បុគ្គលដែលលោកមិនចូលចិត្តឲ្យចេញពីកម្មវិធីនោះដែរ គឺលោកសុខចិត្តដើរចេញដើម្បីកុំឲ្យវែងឆ្ងាយ។ លោកនិយាយថា«ខ្ញុំអត់ចង់និយាយថាខ្ញុំអន់ចិត្តនឹងខ្ញុំទេ តែអ្នកមើលស្រាលខ្ញុំគាត់ដឹងហើយ ចឹងហើយទើបខ្ញុំសម្រេចចិត្តថា ប្រហែលអត់ជាន់កម្មវិធីទាំងពីរនឹងទេ បើទោះជាយ៉ាងមិចក៏ដោយ!»។
លោកតាវ៉ិចទ័រ បានបង្ហាញការភ្ញាក់ផ្អើលដោយសារតែលោកបញ្ជាក់ថា អត់ដឹងថាលោកដួង សុខគា ខឹងអ្នកណាឲ្យប្រាកដ។ លោកនិយាយថា ក្នុងនាមជាមេកើយ លោកមិនដែលធ្វើបាបកូនចៅនោះទេ គឺមានតែប្រឹងអោបក្រសោប ហើយលោកហ៊ានធានាថានាយពែកមី នាយក្រូច និងក្រុមកំប្លែងផ្សេងទៀតក្នុងក្រុម អត់មានអ្នកណាមើលស្រាល ឬមិនគោរពចំពោះលោកសុខគានោះទេ ប៉ុន្តែលោកថាហេតុផលគឺអាចបណ្ដាលមកពីបញ្ហាប្រកាន់ច្រើន និងមានអ្នកនាំពាក្យទៅនិយាយប្រាប់លោកសុខគាមិនល្អក្នុងក្រុម។ លោកថាលោកសុខគា គួរតែសួរឲ្យច្បាស់លាស់សិន មិនពេលទៅបង្ហោះជាសាធារណៈនៅលើហ្វេសប៊ុក អ៊ីចឹងហើយទើបលោកស្រឡាំងកាំង នៅពេលរឿងរ៉ាវទាំងមូលស្រាប់តែបែកអូរហូរស្ទឹង ព្រោះតែសារប៉ុន្មានវគ្គរបស់ដួង សុខគា លើហ្វេសប៊ុក ។ ឆ្លើយតបនឹងការប្រកាសជំហរមិនព្រមត្រលប់ចូលកម្មវិធី «សំណើចតាមភូមិ» និងកម្មវិធី«ផ្ទះលោកតា»ក្នុងនាមជាពិធីករ របស់លោកដួង សុខគា លោកតាវ៉ិចទ័រលោកបានបញ្ជាក់ថា លោកមិនហ៊ានបង្ខំចិត្តទេ ប៉ុន្តែលោកថានឹងបើកទ្វារទទួល បើលោកសុខគាចង់ត្រលប់មកវិញ ៕
មតិយោបល់