ភ្នំពេញ: កាលពីល្ងាចថ្ងៃទី២១ ឧសភា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស នាងពេជ្រ សោភា ត្រូវបានម្ចាស់មូលនិធិល្បីឈ្មោះមួយ នៅលើហ្វេសប៊ុកបញ្ជាក់ថា បានផ្ដល់ជំនួយសាងសង់អណ្ដូងទឹកមួយកន្លែង ជូនដល់គ្រួសារអ្នកក្រី ស្ថិតនៅខេត្តតាកែវ។ ម្ចាស់មូលនិធិដដែលបានបញ្ជាក់ឲ្យដឹងដំណឹងនោះ បានអះអាងថា កន្លងមកនាងក៏បានផ្ដល់ជំនួយឈឺឆ្អាលដល់ទុរគតជន តាមរយៈការបង្ហោះអំពាវនាវរបស់ខ្លួន នៅលើហ្វេសប៊ុកផងដែរ។
លោក សៀក ប៊ុណ្ណារី ដែលត្រូវគេកត់សម្គាល់ថា បានប្រើបណ្ដាញហ្វេសប៊ុក អំពាវនាវឲ្យមានការជួយសង្គ្រោះ ជាហូរហែរដល់ក្រុមទុរគតជន និងសហគមន៍ក្រីក្រ នៅក្នុងប្រទេសកម្ពុជាបាន ប្រាប់ Post News ថា ក្រោយពីលោកបង្ហោះពីទិដ្ឋភាពលំបាក របស់សហគមក្រីក្រមួយកន្លែង ដែលមានបញ្ហារឿងខ្វះទឹកប្រើប្រាស់ ស្ថិតនៅខេត្តតាកែវ តារាចម្រៀងនាង ពេជ្រ សោភា ក៏បានចេញមុខផ្ដល់ប្រាក់ ឲ្យមានការជីកអណ្ដូងទឹកស្អាតមួយកន្លែងនៅក្នុងតំបន់នោះ ក្នុងនាមជាសប្បុរសជនមួយរូប។
លោកថាថវិកាសម្រាប់ជីកអណ្ដូង នោះមានតម្លៃចំនួន៣០០ដុល្លារ ហើយត្រូវបានផ្ញើឲ្យខ្លួនរួចរាល់ហើយ កាលពីល្ងាចថ្ងៃទី២១ ឧសភា ទើបលោកសម្រេចឲ្យមានការខួងអណ្ដូងភ្លាមៗ ដែល២ថ្ងៃក្រោយ នឹងបានអណ្ដូងប្រើប្រាស់ជូនដល់សហគមន៍ដែលខ្វះខាតនោះ។
លោកថាអណ្ដូងទឹកដែល ពេជ្រ សោភា ផ្ដល់ជំនួយស្ថិតនៅភូមិប្រសូត្រថ្មី ឃុំសំរោង ស្រុកត្រាំកក់ ក្នុងខេត្តតាកែវ ដោយពលរដ្ឋចំនួន៤គ្រួសារ ដែលមានជីវភាពខ្សត់ក្រ នៅក្នុងក្បែរអណ្ដូងទឹកនោះ នឹងទទួលបានប្រយោជន៍។ អណ្ដូងទឹកដែល ពេជ្រ សោភា ទើបផ្ដល់ថវិកាឲ្យជីកនោះ ជាអណ្ដូងទី១៣ ដែលលោកសាងសង់ បន្ទាប់ពីលោកបានប្រើបណ្ដាញហ្វេសប៊ុកធ្វើការអំពាវនាវ។
យ៉ាងណាមិញមកទល់ពេលនេះ លោកថាមូលនិធិរបស់លោកទទួលបានគម្រោងសាងសង់អណ្ដូ ងរហូតដល់ជិត២០អណ្ដូងហើយ ដោយគ្រាន់តែគម្រោងសង់អណ្ដូងខ្លះ ទើបតែបានទទួលលុយពីសប្បុរសជន និងមិនទាន់ចុះទៅហៅជាង ឲ្យដំណើរការសាងសង់ប៉ុណ្ណោះ។
លោកនិយាយថា «តាំងពីមានបញ្ហាហួតហែង មកនៅខេត្តតាកែវមានបញ្ហាខ្វះទឹកច្រើន ប៉ុន្តែសម្រាប់៤គ្រួសារ នៅភូមិប្រសូត្រថ្មីហ្នឹង គឺពួកគាត់អត់ទឹកប្រើហើយថែមទាំងក្រីក្រទៀត ទើបខ្ញុំធ្វើការអំពាវនាវ ហើយខ្ញុំសប្បាយចិត្តដែល ពេជ្រ សោភា គាត់ចេញមុខផ្ដល់លុយ៣០០(ដុល្លារ)ឲ្យខ្ញុំ ឥឡូវអណ្ដូងរបស់គាត់ ខ្ញុំឲ្យជាងជីកហើយតាំងពីល្ងាចថ្ងៃទី២១ ឧសភា គឺ២ថ្ងៃទៀត បងប្អូនដែលក្រីក្រហ្នឹងនឹងបានប្រើ!»។
លោកថានេះជាលើកទី១ ដែល ពេជ្រ សោភា ចំណាយលុយជួយជីកអណ្ដូងទឹកមួយកន្លែង តាមរយៈមូលធិនិរបស់លោក ប៉ុន្តែក្នុងពេលកន្លងមក នាងក៏ធ្លាប់ផ្ដល់លុយតាមចំនួនតិចច្រើន ជួយដល់ទុរគតជន ដែលលោកបានបង្ហោះក្នុងកិច្ចអំពាវនាវរបស់ខ្លួននោះដែរ។
បើទោះជាគ្មានការបញ្ជាក់បន្ថែម ពីសាមីខ្លួនដោយផ្ទាល់ ប៉ុន្តែគេចាប់អារម្មណ៍ថានេះជាកាយវិការ និងទឹកចិត្តមួយគួរឲ្យសរសើរ របស់តារាចម្រៀងនាង ពេជ្រ សោភា បន្ទាប់ពីនាងទើប នឹងបានលេចធ្លោតាមរយៈបទចម្រៀងនិពន្ធថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ជាពិសេសគឺបទ «រាំញីកែងជើង» ដែលកក្រើកអស់ពិភពចម្រៀងនោះ៕
មតិយោបល់