ពេញមួយថ្ងៃទី១៦ វិច្ឆិកា គេឃើញក្រុមការងារក្នុងរឿង«ឡប់៨»របស់ផលិតកម្ម Spider ចេញយុទ្ធនាការផ្សព្វផ្សាយភាពយន្តរបស់ខ្លួន យ៉ាងសកម្មនៅក្នុងតំបន់សំខាន់ៗ របស់ខេត្តសៀមរាប។ សកម្មភាពទាំងនោះរួមមាន តម្រូវឲ្យតួអង្គ និងផលិតករបង្ហាញអត្តសញ្ញាណរឿង«ឡប់៨»របស់ខ្លួននៅតាមតំបន់អង្គរ និងត្រង់កន្លែងព្រះអង្គចេកព្រះអង្គចម ដើម្បីឲ្យអ្នកដំណើរបានថតរូបជាមួយ និងមួយក្រុមទៀត បានបើកយុទ្ធនាការពាក់អាវឡប់៨ ចុះចែកខិតប័ណ្ណរឿងពេញតាមផ្សារ និងទីសាធារណៈនានា ក្នុងខេត្តសៀមរាបទាំងមូល។
លោកចំរើន គីរី បញ្ជាក់ថានេះជាយុទ្ធនាការដែលអាចឲ្យតួបានឃើញពីសក្កានុពលក្នុងខេត្តសៀមរាប និងដើម្បីឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ចំពោះខ្សែរឿង«ឡប់៨»តាមរយៈការចុះទៅដល់ទីតាំងដោយផ្ទាល់របស់តួអង្គ និងក្រុមការងារ ដែលលោកយល់ថានេះជាយុទ្ធសាស្រ្តកម្រដែលផលិតកម្មភាពយន្តមួយចំនួនមិនបានធ្វើ។ លោកថានេះជាក៏ចាត់ទុកជាយុទ្ធនាការជួយផ្សព្វផ្សាយដល់វិស័យទេសចរណ៍ ក្នុងតំបន់សំខាន់ៗរបស់ខេត្តសៀមរាបផងដែរ នៅពេលទំព័រផេករបស់ក្រុមហ៊ុនផ្ដិតយករូបភាពតួអង្គសំខាន់ៗ ភាគច្រើនក្នុងរឿង«ឡប់៨» យកទៅផុសនៅលើផេករបស់ខ្លួន។ លោកថានេះក៏ជាជំនួបនៅលើតំបន់ ខេត្តសៀមរាប រវាងតារាៗ និងផលិតករនៅក្នុងតំបន់ទេសចរណ៍ ដើម្បីស្វាគមន៍ការដាក់បញ្ចាំងរឿង«ឡប់៨»ចាប់ពីថ្ងៃទី១៧ វិច្ឆិការនេះ នៅគ្រប់បណ្ដារោងភាពយន្ត នៅខេត្តសៀមរាប និងនៅភ្នំពេញនោះផងដែរ ។ លោកនៅតែរំពឹងថាភាពយន្តកូនខ្មែរលើកដំបូងរបស់ផលិតកម្ម Spider នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងជាពិសេស នៅខេត្តសៀមរាប ដោយសារតែផ្អែកថា បានធ្វើពិធីសម្ពោធធំ កាលពីថ្ងៃទី១៥ វិច្ឆិកា និងបានបើកយុទ្ធនាការ ដឹកនាំតារាៗឲ្យចុះជួបផ្ទាល់ជាមួយអ្នកគាំទ្រ នៅតាមតំបន់អង្គរ ហើយក៏មានក្រុមចុះចែកខិតប័ណ្ណ យ៉ាងគគ្រឹកគគ្រេងនៅតាមផ្សារ និងទីសាធារណៈនៅទូទាំងក្រុមសៀមរាប។
លោក ចំរើន គីរី នៅតែបង្ហាញថារឿង«ឡប់៨» នឹងទទួលបានចំណូលច្រើនជាង៦ម៉ឺនដុល្លារ ក្រោយចែក៥០ភាគរយម្នាក់ ជាមួយម្ចាស់រោង ដោយមិនហ៊ានរំពឹងថារឿងនេះ នឹងចំណេញច្រើនទេ។ លោកថាដើមទុនចំណាយគឺជាង៤ម៉ឺន អ៊ីចឹងឲ្យតែការដាក់បញ្ចាំងគ្រប់រោង ចាប់ពីថ្ងៃទី១៧ វិច្ឆិកា រហូតដល់ទម្លាក់ ទទួលបានចំណូលត្រឹម៦ម៉ឺន ដល់ដៃគឺលោកអស់ចិត្ត៕
មតិយោបល់