កាលពីឆ្នាំកន្លងទៅគេចាប់អារម្មណ៍ថាពិធីការិនី និងជាតារាសម្ដែងស្រីនាង គង់ វិច្ឆិកា បានប្រារព្ធពិធីខួបកំណើតយ៉ាងធំដុំ ដើម្បីជួបជុំតារាសិល្បៈនៅក្នុងកាលៈទេសៈដែលកេរ្តិ៍ឈ្មោះរបស់នាងមិនទាន់ស្ទុះឡើងកូដនោះផង។ ប៉ុន្តែនៅក្នុងឆ្នាំនេះ នាងបែរជាមិនហ៊ានចំណាយទុន ដោយជម្រើសធ្វើខួបជាទ្រង់ទ្រាយយ៉ាងសមញ្ញនៅផ្ទះទៅវិញ។ យ៉ាងណាមិញ នាងបានបញ្ជាក់ពីបញ្ហានេះ។
គង់ វិច្ឆិកា និយាយថាកាលពីល្ងាចថ្ងៃទី១៧ វិច្ឆិកា នាងបានសម្រេចចិត្តធ្វើពិធីខួបកំណើតថាតូចតាច ជំនួសឲ្យពិធីធំដុំ គឺដោយសារតែបញ្ហា២ ទី១តារាសិល្បៈទើបបញ្ចប់ពិធីបុណ្យអុំទូក ដែលមិនទាន់បាត់ហត់ និងទី២គឺបណ្ដាលមកពីខែ១២ខាងមុខ គ្រួសារនាងក៏មានពិធីមង្គលធំដុំ ដែលត្រូវអញ្ជើញភ្ញៀវច្រើនឲ្យចូលរួម។ នាងថាននៅមិនដល់មួយខែទៀតទេ ប្អូនប្រុសរបស់នាងនឹងរៀបមង្គការ ហើយនាង និងម្ដាយនឹងចេញមុខទាំងស្រុងដើម្បីអញ្ជើញភ្ញៀវ ដែលភាគច្រើនគឺជាតារសិល្បៈតែម្ដង។ ដោយសារតែហេតុនេះហើយ ទើបនាងមិនហ៊ានធ្វើខួបធំដុំកាលពីល្ងាចថ្ងៃទី១៧ វិច្ឆិកា ដើម្បីកុំឲ្យរំខានភ្ញៀវច្រើនសារ។ យ៉ាងណាមិញ នាងថាការជួបជុំធ្វើខួបកំណើតនៅផ្ទះជាលក្ខណៈមិត្តភ័ក្ត្រជិតស្និទ្ធិ និងបងប្អូនក៏មើលទៅសប្បាយប្លែកផងដែរ បើធៀបនឹងធ្វើក្នុងហាងដែលត្រូវចំណាយច្រើន ហើយមិនសូវមានពេលជជែកលែងជុំគ្នានោះ។
គង់ វិច្ឆិកា បានអះអាងថា ទីផ្សារសិល្បៈរបស់ខ្លួន មានការស្ទុះឡើងជាងមុន ជាពិសេសគឺចាប់តាំងពីនាង បានក្លាយជាពិធីការិនីមួយរូប នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ក្នុងពិធីតន្ត្រីបន្តផ្ទាល់។ អ៊ីចឹងហើយទើបម្នាក់ៗ មានការចាប់អារម្មណ៍ក្នុងពេលដែលនាងកាន់តែឡើងកូដខ្លាំង តែបែរជាមិនធ្វើខួបធំ ដើម្បីពង្រីកទីផ្សារ ឲ្យកាន់តែខ្លាំងនោះ ៕
មតិយោបល់