ក្រោយសារភាពថាបានចំណាយធនធានច្រើនជាង២០ម៉ឺនដុល្លារ ក្នុងការព្យាបាល ចាប់តាំងពីបានរងការបាញ់ប្រហារ មកទល់ពេលនេះ តារាចម្រៀងពៅ បញ្ញាពេជ្រ បានអះអាងថានាងខ្លួន អាចដើរបាន បើនាងមានប្រាក់បន្តការព្យាបាល តាមបច្ចេកវិទ្យាទំនើប និងបន្តហ្វឹកហាត់ចលនា ឲ្យបានជាប់លាប់ដូចប៉ុន្មានខែចុងក្រោយ។ នាងថាមិនខ្វះនោះថាអ្នកដែលមានស្ថានភាពធ្ងន់ធ្ងរដូចនាង ប៉ុន្តែមកពីអ្នកជំងឺទាំងនោះ គេមានលទ្ធភាពព្យាបាលច្បាស់លាស់ ទើបស្ថានភាពពិការរបស់គេត្រូវបានបញ្ចប់។
ពៅ បញ្ញាពេជ្រ និយាយថាមកទល់ពេលនេះ នាងនៅតែបន្តទទួលការព្យាបាល នៅក្នុងប្រទេសថៃខាងផ្នែកសម្រួល ចលនានៅឡើយទេ ដោយអ្នកដែលបានទទួលការព្យាបាលនៅទីនោះ គឺមានច្រើននាក់ ដែលអាចដើរបាន និងមិនស្ថិតក្នុងការស្ថានការណ៍ដូចនាង។ នាងថាគ្រូពេទ្យដែលព្យាបាលនាងដោយចលនា បានអះអាងថាជំងឺនេះ គឺពាក់ព័ន្ធនឹងអារម្មណ៍ ហើយស្ថានភាពដឹងសរសៃ និងអាចដើរបានគឺអាចកើតឡើង ដោយគ្មានការគ្រោងទុកក៏ថាបាន។ អ៊ីចឹងហើយទើបនាងនៅតែជឿជាក់ថាស្ថានភាពពិការ មួយកំណាត់ក្រោមរបស់ខ្លួន នឹងអាចផ្លាស់ប្ដូរ ដែលអាចឲ្យនាងត្រលប់មកកាន់សភាពដើម។
នាងបានបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ បង្ហើសំនៀងកាលពីយប់ថ្ងៃទី១៨ វិច្ឆិកា បន្ទាប់ពីពេលកន្លងទៅនាងធ្លាប់តែបង្ហើសំនៀង នៅក្នុងកម្មវិធីសប្បុរសធម៌ខាងក្រៅឆាក។ ពៅ បញ្ញាពេជ្រ និយាយថានាងនឹងបន្តទទួលច្រៀង បើមានការអញ្ជើញដូចគ្នានឹងទូរទស្សន៍CNC តែនាងក៏ទទួលស្គាល់ថាទឹកដមសំឡេងរបស់ខ្លួន មានការខ្វះចន្លោះ ព្រោះតែដង្ហើមខ្លី និងឆាប់ហត់ខុសពីមុនផងដែរ។ នាងថាបច្ចេកវិទ្យាពេទ្យនាពេលចុងក្រោយ បានអះអាងថានាងអាចដើរបាន និងមានសភាពប្រសើរជាងនេះ បើនាងមានលទ្ធភាពបន្តព្យាបាល នៅក្នុងមន្ទីរពេទ្យស្ដង់ដារ ។ នាងសារភាពផ្ទះ និងទ្រព្យរបស់ បូករួមទាំងឡានដែលជាទ្រព្យចុងក្រោយ គឺនាង និងគ្រួសារបានលក់អស់ហើយ ទម្រាំតែអាចព្យាបាលជំងឺរបស់នាង មកដល់ពេលនេះ។ នាងនៅតែរំពឹងថាខ្លួននឹងអាចដើរបាន បើទោះមិនមានលទ្ធភាពព្យាបាល តាមបច្ចេកវិទ្យាទំនើបៗរបស់វិទ្យាសាស្រ្ត ដែលងាយនឹងមើលឃើញពីលទ្ធផលជាង។ នាងថាជំងឺរបស់នាងគឺមានអ្នកអាចដើរបាន បន្ទាប់ពីប្រើបច្ចេកទេសបណ្ដុះខួរឆ្អឹងខ្នង តែអ្នកទទួលការព្យាបាល តាមវិធីចលនាដូចនាងរាល់ថ្ងៃក៏មានអ្នកជាច្រើនដែរ ទើបធ្វើឲ្យនាងនៅតែសង្ឃឹម។
យ៉ាងណាមិញ ពៅ បញ្ញាពេជ្រ បានអះអាងថាបើក្ដីសង្ឃឹមនោះមិនអាចកើតឡើង ក៏នាងសប្បាយចិត្តនោះដែរ ដោយសារតែនាងពិការមែនតែមានដង្ហើម និងមើលឃើញពីភាពរីកចំរើន នៅជុំវិញខ្លួនទាំងអស់ដែលល្អជាង ជនពិការផ្សេងទៀត ៕
មតិយោបល់