ស្វាយរៀងៈ ប្រជាពលរដ្ឋរស់នៅស្រុកកំពង់រោទិ៍នាំគ្នាលើកឡើងអំពីបញ្ហាតម្លៃស្រូវរបស់ពួកគាត់ដែលរកទីផ្សារលក់ចេញពុំបានហើយចេះតែចុះថោកគ្មានឈ្មួញទិញពេលច្រូតកាត់ហើយគរទុកចោល២-៣ថ្ងៃ ទើបមានឈ្មួញមកទិញដោយឲ្យក្នុងតម្លៃថោកវិញ ស្ទើរតែមិនរួចថ្លៃជីថ្លៃប្រេងផង។
បើតាមប្រជាពលរដ្ឋរស់នៅភូមិត្រពាំងថ្នា បានឲ្យដឹងថា ពួកគាត់ជាប្រជាពលរដ្ឋមានមុខរបរជាកសិក ធ្វើស្រែដើម្បីចិញ្ចឹមជីវិត និងលក់យកកម្រៃខ្លះសងថ្លៃជី ប្រេងនិងទុកគ្រាន់កូនទៅរៀនប៉ុន្តែឆ្នាំនេះធ្វើស្រែបានហើយតែគ្មានឈ្មួញមកទិញពេលច្រូតរួចហើយនោះ ២ទៅ៣ថ្ងៃទើបរកម៉ូយមកទិញបាន។
ប្រភពខាងលើបានបន្តទៀតថា ឆ្នាំនេះស្រូវធ្លាក់ថ្លៃលក់បានថោកខ្លាំងណាស់ គឺ១គីឡូតម្លៃ៤ពាន់លុយដុង ស្មើរនឹង៧០០រៀល ចាញ់ពីឆ្នាំមុនដែលលក់ចេញបានថ្លៃហើយសម្បូរអ្នកទិញទៀតហើយក្នុង១គីឡូ៤៥០០ទៅ៥០០០លុយដុង ស្មើរនឹង៩០០ ទៅ១០០០រៀល ចំណែកឆ្នាំនេះធ្លាក់ថ្លៃយ៉ាងខ្លាំងហើយក្នុង១ហិកតាបានត្រឹមតែ៤ទៅ៥តោន ហើយអ្វីដែលធ្វើឲ្យពួកគាត់ជួបការលំបាកយ៉ាងខ្លាំងនោះឆ្នាំនេះត្រូវច្រូតក្នុងទឹកត្រឹមៗជង្គង់។
លោកបានបន្តថា ប្រជាកសិក កំពុងនាំគ្នាព្រួយបារម្ភអំពីការងារបង្កបង្កើនផលស្រូវឆ្នាំនេះធ្វើបាន ហើយរកទីផ្សារលក់មិនបាន ណាមួយមានតែឈ្មួញវៀតណាមជាអ្នកមកទិញចង់ទម្លាក់តម្លៃទៅតាមអំពើចិត្តធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាបង្ខំចិត្តលក់ស្រូវម្យ៉ាងទៀតរកផ្លូវដឹកជញ្ជូនមិនបានបច្ចុប្បន្នស្រុកកំពង់រោទ៌ផ្លូវមានប៉ុន្មានត្រូវរលាយស្ទើរអស់ទៅហើយ។ ប្រជាកសិករបានបញ្ជាក់ថាបានជាប្រពលរដ្ឋនាំគ្នាលក់ព្រោះទី១យកលុយសងថ្លៃជី ទី១សងថ្លៃប្រេង ទី៣អាកាសធាតុមិនអំណោយផល ស្រូវពីមួយថ្ងៃទៅមួយថ្ងៃឈ្មួញវៀតណាមបញ្ចុះតម្លៃរហូតអញ្ចឹងហើយពួកគាត់នាំគ្នាព្រួយបារម្ភចេះតែធ្លាក់ចុះទៅទៀត ទោះបីតម្លៃប៉ុន្មានក៏លក់ដែរ។
ទន្ទឹមនឹងនោះ ពួកគាត់ទាំងអស់បានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយរកទីផ្សារស្រូវដែលមានតម្លៃសមរម្យដើម្បីឲ្យស្រូវមានតម្លៃខ្ពស់ជាងនេះបន្តិច។ទោះបីជាយ៉ាងណាក៏ដោយថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសំណូមពរពលរដ្ឋកុំឆាប់លក់ស្រូវឲ្យឈ្មួញពេកព្រោះឈ្មួញអាចទម្លាក់តម្លៃស្រូវខណៈដែលរដូវនេះជារដូវប្រមូលផលស្រូវនិងត្រូវរក្សាទុកហាលឲ្យស្ងួតទុកលក់នៅពេលក្រោយស្រូវនឹងឡើងថ្លៃវិញ៕
មតិយោបល់