ព័ត៌មានជាតិ

ប្រជាពលរដ្ឋ សំណូមពរឲ្យអាជ្ញាធរខេត្តចាត់វិធានការលើកុងត្រូលជជុះ ដែលជំរិតទារប្រាក់ពីការប្រមូលអនុផលព្រៃឈើ

កំពង់ធំ: បញ្ហាកុងត្រូលជជុះនៅក្នុងស្រុកសណ្តាន់ បានកក្រើកសារជាថ្មី ធ្វើឲ្យប្រជាពលរដ្ឋមានការក្តៅក្រហាយយ៉ាងខ្លាំងចំពោះអាជ្ញាធរស្រុកសណ្តាន់ ដែលពុំមានវិធានការ បង្រ្កាបកុងត្រូលជជុះនេះ បែរជាទុកឲ្យរីកដុះដាលដូចផ្សិតនៅតាមដងផ្លូវ ដើរកាក់រថយន្ត គោយន្តកន្ត្រៃរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនជំរិតទារលុយ ដោយមិនមានការខ្លាចញញើតច្បាប់ ធ្វើឲ្យមានការរិះគន់យ៉ាងចាស់ដៃ ទៅលើលោក អ៊ួង ម៉ាលី អធិការស្រុកសណ្តាន់ អសមត្ថភាពក្នុងការទប់ស្កាត់ និងលុបបំបាត់ចោលកុងត្រូលជជុះ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្តិភាព។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃមានមនុស្សជាច្រើន ដែលមានការអួតអាងថាខ្លួនជា ស្ថាប័ននេះ ស្ថាប័ននោះ និងមានអ្នកខ្លះក្លែងបន្លំធ្វើជាអង្គការក្រៅរដ្ឋាភិបាល បាននាំគ្នាកាក់គោយន្តកន្ត្រៃ និងរថយន្តដឹកសិប្បកម្មស្របច្បាប់ ជំរិតទារលុយដាក់ភាគហ៊ុនជាមួយ ចាប់ពី៤០ម៉ឺនរៀលទៅ៦០ម៉ឺនរៀលក្នុងមួយស្ថាប័ន ក្នុងមួយរថយន្ត ចំណែកប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រកព្រឹកខ្វះល្ងាច ត្រូវបានក្រុមលោតឆ័ត្រទាំងនេះ ជំរិតទារលុយចាប់ពី១៥ម៉ឺនទៅ២០ម៉ឺនរៀលក្នុងគោយន្ត ទង្វើទាំងនេះដែល អាជ្ញាធរបណ្តែតបណ្តោយ ឲ្យកើតឡើងនៅក្នុងស្រុកសណ្តាន់ ប្រៀបបានទៅនឹងកំពង់តែហែកសន្លឹកឆ្នោត និងជាការបាត់បង់ជំនឿលើថ្នាក់ដឹកនាំ។

លោកពូម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បើសកម្មភាពដែលអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច នៅតែបណ្តែតបណ្តោយឲ្យមានសកម្មភាព ប្រដេញរថយន្ត ប្រដេញគោយន្តកន្រ្តៃដែលដឹកផលអនុផលព្រៃឈើ ទោះជាថ្នាក់ដឹកនាំខំប្រឹងប្រែងជាងនេះ១០ដងទៀត ក៏មិនអាចធ្វើឲ្យប្រជាពលរដ្ឋមានភាពជឿជាក់ និងមានភាពកក់ក្តៅបានដែរ ដោយសារតែចាប់ពីចំណុច៩៩ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ឆ្ពោះមកដល់កំពង់ថ្ម មិនតិចពី៥០នាក់នោះទេ ដែលតាំងខ្លួនជាអ្នកអភិរក្សយកលុយពីអ្នករកស៊ីផលអនុផលព្រៃឈើ ទោះជាក្រុមហ៊ុនបានច្បាប់អនុញ្ញាតក៏ដោយ ក៏ក្រុមទាំងនេះនៅតែដេញកាក់តាមទម្លាប់។

ទង្វើអសកម្ម ក្នុងការទប់ស្កាត់ និងលុបបំបាត់កុងត្រូលជជុះ នៅតាមដងផ្លូវនេះ ត្រូវបានមហាជនជាច្រើនសំណូមពរ ឲ្យឯកឧត្តម អភិបាលខេត្តកំពង់ធំ និងជាប្រជាធានគណ:បញ្ជាការឯកភាពខេត្តកំពង់ធំ បញ្ជាកម្លាំងចុះត្រួតពិនិត្យ និងចាត់វិធានការដាច់ខាត ចំពោះក្រុមឈ្លើងសង្គមដែលតែងតែជំរិតទារលុយនៅតាមដងផ្លូវ ដើម្បីជាទំនុកជឿងជាក់របស់ប្រជាពលរដ្ឋ៕

អនុផលព្រៃឈើ

អនុផលព្រៃឈើ

មតិយោបល់