ភ្នំពេញៈ ក្រោយការចុះផ្សាយរបស់កាសែត ឌឹ ខេមបូឌា ដេលី កាលពីដើមសប្ដាហ៍នេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រតិកម្មដោយចាត់ទុកថា កាសែត ខេមបូឌា ដេលី ពូកែថែមគ្រឿង អំបិលម្ទេស។
ឆ្លើយតបនឹងសំណួររបស់សារព័ត៌មាន Post News លោក ឱម យ៉ិនទៀង បានបដិសេធថា លោកមិនបានឆ្លើយដូចការលើកឡើងនៅក្នុងអត្ថបទកាសែតនោះទេ ដោយលោកនិយាយថា ខេមបូឌា ដេលី មានល្បិចកលមិនល្អ ពន្លើសសម្ដី។ ប៉ុន្តែលោកបានទទួលស្គាល់ថា លោកពិតជាបាននិយាយជារួមមែន ដោយលោកលើកឡើងថា ជាគោលការណ៍ច្បាប់ អាជ្ញាធរពាក់ព័ន្ធគ្មានសិទ្ធិអំណាចទេ ប្រសិនបើសំណុំរឿងពុករលួយអ្វីមួយ ត្រូវបាន ACU បើកការស៊ើបអង្កេត។
លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “ខ្ញុំមិនបានព្រមានអភិបាលខេត្តបាត់ដំបងទេ ហើយក៏មិនទាន់ទទួលពាក្យបណ្ដឹង ពាក់ព័ន្ធនឹងអំពើពុករលួយទៅលើអភិបាលស្រុកថ្មគោលដែរ”។
យោងតាមការចេញផ្សាយរបស់កាសែត ឌឹ ខេមបូឌា ដេលី កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ដោយដាក់ចំណងជើងថា «ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ វាយប្រហារអភិបាលខេត្តបាត់ដំបង»។ កាសែតនេះបានផ្សាយដោយលើកយកសម្ដីរបស់លោក ឱម យ៉ិនទៀងថា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរិះគន់យ៉ាងខ្លាំងទៅលើអភិបាលខេត្តបាត់ដំបង លោក ចាន់ សុផល កាលពីថ្ងៃអាទិត្យ ដោយសារតែបដិសេធមិនឲ្យអង្គភាពរបស់លោកស៊ើបអង្កេតអភិបាលស្រុកម្នាក់ ពីបទកេងប្រវ័ញ្ចយកប្រាក់រដ្ឋរាប់ពាន់ដុល្លារ។
ជាមួយគ្នានេះ កាសែតក៏ដកស្រង់សម្ដីលោក សុផលថា លោកនឹងមើលខុសត្រូវផ្ទាល់ចំពោះលោក គង់ លី អភិបាលស្រុកថ្មគោល ទាក់ទិននឹងការចោទថា កឹបកេងប្រាក់មួយចំនួននៃថវិកា៧០លានរៀល (១៧.៥០០ដុល្លារ) ដែលទុកសម្រាប់សាងសង់ផ្លូវពីរខ្សែ ហើយមិនបានបញ្ជូនករណីនេះទៅអង្គភាពប្រឆាំងអំពើពុករលួយទេ។ លោក ចាន់ សុផល បាននិយាយថា “ខ្ញុំបានបញ្ជាឲ្យមន្ត្រីគ្រប់គ្រងខេត្តយើង…ស៊ើបអង្កេតហើយ។ យើងនឹងបញ្ជូនរបាយការណ៍ទៅអង្គភាពប្រឆាំងអំពើពុករលួយ ព្រោះថ្នាក់ខេត្តយើងអាចដោះស្រាយបញ្ហានេះបាន”។ អភិបាលខេត្តបន្តថា “ក្នុងករណីដែលយើងរកឃើញថា លោក លី មានកំហុស យើងនឹងឲ្យគាត់សងវិញ ហើយអប់រំគាត់កុំឲ្យធ្វើខុសទៀត”។
លោក យ៉ិនទៀង បានមានប្រសាសន៍ថា លោក សុផល ធ្វើហួសព្រំដែនរបស់លោក។ លោកថា “ជាអភិបាលខេត្ត មិនមានសិទ្ធិស៊ើបអង្កេត ឬសម្រុះសម្រួលករណីពុករលួយបានទេ ព្រោះបទល្មើស គឺជាបទល្មើសឧក្រិដ្ឋ ដូច្នេះគេត្រូវតែបញ្ជូនរបាយការណ៍ទៅអង្គភាពប្រឆាំងអំពើពុករលួយទៅតាមច្បាប់”។ លោកបន្ថែមថា “អភិបាលខេត្តមិនអាចបញ្ចប់ករណីពុករលួយបានទេ។ ទោះបីជាអភិបាលស្រុកសងប្រាក់វិញក៏ដោយ ក៏គាត់មិនអាចរួចពីសំណាញ់ច្បាប់បានដែរ”។
ទាក់ទងនឹងការរិះគន់របស់លោក ឱម យ៉ិនទៀង លោក ចាន់ សុផល បាននិយាយថា លោកមិនព្រួយបារម្ភទេ។
អភិបាលខេត្តរូបនេះ បាននិយាយថា “ខ្ញុំមិនខ្វល់ថា អង្គភាពប្រឆាំងអំពើពុករលួយ និយាយអ្វីទេ ស្រេចតែគេទៅចុះ។ ប៉ុន្តែអភិបាលស្រុក គឺជាមន្ត្រីរបស់ខ្ញុំ ហើយខ្ញុំជាមេ ដូច្នេះខ្ញុំអាចប្រើតំណែងរបស់ខ្ញុំជាអភិបាលខេត្ត ដើម្បីដោះស្រាយបញ្ហានេះ”។
ការអះអាងថា ពុករលួយបានធ្វើឡើងនៅក្នុងខិត្តប័ណ្ណដែលគេបាចចោលក្នុងក្រុងបាត់ដំបង កាលពីពីរបីថ្ងៃមុន ដោយនិយាយថា លោក លី ”កឹបកេងថវិការដ្ឋសម្រាប់ស៊ីផឹកជាមួយបក្ខពួកខ្លួន”។
ខិត្តប័ណ្ណនិយាយថា សម្រាប់ផ្លូវមួយខ្សែ លោក លី បានឃុបឃិតជាមួយក្រុមហ៊ុនសំណង់មិត្តភាពមួយ ដើម្បីផ្តល់ឲ្យពួកគេនូវកុងត្រា មានទឹកប្រាក់៥៥លានរៀល (១៣.៧៥០ដុល្លារ) ដោយគ្មានដំណើរការដេញថ្លៃ ឬការត្រួតពិនិត្យពីមន្ត្រីផ្សេងទៀតទេ ដោយបញ្ជាក់ថា មានប្រាក់សគុណច្រើនណាស់។ ក្នុងករណីផ្សេងទៀត មានប្រាក់ចំនួន១៥លានរៀល (ប្រហែល៣.៧៥០ដុល្លារ) ទុកសម្រាប់ការសាងសង់ផ្លូវតូចមួយដែលកសាងមិនទាន់ចប់នៅឡើយ។
លោក លី បានបដិសេធកាលពីថ្ងៃអាទិត្យថា លោកមិនបានទទួលផលប្រយោជន៍ពីកុងត្រាណាមួយទេ។ លោកថា “ខ្ញុំមិនបានប្រព្រឹត្តអំពើពុករលួយ ដូចការចោទរបស់ជនអនាមិកទេ។ គេគ្រាន់តែចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំជាអ្នកក្រ ហើយជិះម៉ូតូទៅធ្វើការរាល់ថ្ងៃ។ ខ្ញុំសូមស្វាគមន៍ការស៊ើបអង្កេតនេះ”។
ជុំវិញការលើកឡើងទាំងនេះ អភិបាលខេត្តបាត់ដំបង លោក ចាន់ សុផល មិនបានឆ្លើយតបជាមួយសារព័ត៌មាន Post News ទេ នៅព្រឹកថ្ងៃទី៦ ខែកក្កដានេះ ដោយទូរស័ព្ទចូលហើយ មានអ្នកចុចបិទទៅវិញ៕
មតិយោបល់