ព័ត៌មានជាតិ

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជិត១០ខ្នង បាក់រលំចូលស្ទឹង

កណ្តាលៈ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងស្ទើរពេញ១យប់ បានធ្វើឱ្យផ្ទះរបស់ប្រជាពលរដ្ឋដែលនៅជាប់មាត់ស្ទឹងតាខ្មៅ ចំនួន៨ខ្នង បាក់រលំចូលទៅក្នុងស្ទឹង សំណាងល្អមិនមានអ្នកស្លាប់និងរងរបួស។

លំនៅដ្ឋានដែលបានបាកក់ចូលស្ទឹងនោះ ស្ថិតនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើម មៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មានម្ចាស់រួមមាន ទី១ឈ្មោះ សាន ថុន ភេទប្រុស អាយុ៦៤ឆ្នាំ។ ទី២ឈ្មោះ គាំ ពៅ ភេទប្រុស អាយុ៤០ឆ្នាំ ទី៣ ឈ្មោះ សុខ លាភ ភេទស្រី អាយុ៣២ឆ្នាំ។ទី៤ឈ្មោះ អ៊ុត ណាប់ ភេទប្រុស អាយុ៥៣ឆ្នាំ។ ទី៥ ឈ្មោះសាន់ ធី ភេទប្រុស អាយុ៣២ឆ្នាំ ។ទី៦ឈ្មោះ ស៊ូ ហៃ ភេទប្រុស អាយុ៤៦ឆ្នាំ ។ទី៧ ឈ្មោះ ហាក់ វាសនា ភេទប្រុស អាយុ៤៧ឆ្នាំ និងទី៨ ឈ្មោះអឿន សំអុល ភេទប្រុស អាយុ៤៩ឆ្នាំ។

លោកអ៊ុត ណាប់ បានប្រាប់ឱ្យដឹងថា ពួកគាត់បានមកតាំងទីលំនៅនៅប្របមាត់ស្ទឹងនេះ តាំងពីក្រោយឆ្នាំ១៩៧៩ មកម្ល៉េះ ពុំដែលកើតមានបញ្ហាបាក់ស្រុកដូច្នេះទេ។ លោកបានបន្តថា មូលហេតុដែលបណ្តាលឱ្យបាក់ស្រុកនេះ គឺបណ្តាលមកពីភ្លៀងខ្លាំងកាលពីយប់ថ្ងៃទី២១ វិច្ឆិកា ២០១៦ កន្លងទៅ គឺភ្លៀងស្ទើរពេញ១យប់តែម្តង។ លុះព្រឹកឡើងក្រោកពីដំណេក ក៏ឃើញដីនៅមុខផ្ទះជាប់ហ្នឹងផ្លូវបេតុងប្រះ ទំហំប្រមាណជិតកន្លះម៉ែត្រ ក៏នាំគ្នារើអ៊ីវ៉ាន់ចេញ។ គ្រាន់តែរើអ៊ីវ៉ាន់ចេញ បានបន្តិចនៅវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២២ វិច្ឆិកា ស្រាប់តែបាក់ស្រឹបៗបន្តបន្ទាប់គ្នាតែម្តងទៅ ដែលដំបូងគឺបាក់ចេញពីផ្ទះរបស់ឈ្មោះ សាន់ ធី ហើយចំពោះលំនៅដ្ឋានដែលនៅក្បែរខាងក៏ កំពុងតែរងការគម្រាមកំហែងផងដែរ។ លោកក៏បានបញ្ជាក់ដែរថា ប្រសិនណាបើគ្មានវិធានការទប់ស្កាត់នោះទេ លំនៅដ្ឋានជាច្រើនខ្នងទៀតនឹងបន្តបាក់ស្រុកចូលស្ទឹងជាក់ជាមិនខាន ហើយផ្លូវបេតុងនេះក៏អាច នឹងបាក់ដែរ។ ពួកគាត់ក៏បានលើកឡើងដែរថា ក្រោយបាក់ផ្ទះចូលស្ទឹង ពួកគាត់លំបាក់ណាស់ គឺត្រូវសុំសំយ៉ាប់ផ្ទះគេស្នាក់បណ្តោះអាសន្ន ហើយក៏សូមអំពាវនាវទៅដល់អាជ្ញាធរ មេត្តាជួយពួកគាត់ផង។

អភិបាលក្រុងតាខ្មៅលោក ហេង ធៀម បានប្រាប់ថា ករណីនោះលោកបានចាត់មន្ត្រីឱ្យចុះទៅជួយរើអ៊ីវ៉ាន់ និងជម្លៀសពួកគាត់ចេញឱ្យទៅស្នាក់នៅកន្លែងមានសុវត្ថិភាពហើយ រង់ចាំឱ្យទឹកស្រកបន្តិចសិនទើបមានវិធានការបន្តទៀត ហើយក៏បានកំពុងទាក់ទងទៅកាកបាទក្រហមដើម្បីចុះមកជួយពួកគាត់ផងដែរ។ លោកបានប្រាប់ដែរថា តាមពិតដីតាមជាប់មាត់ស្ទឹងនោះ គឺជាដីរបស់សាធារណៈរបស់រដ្ឋ ហើយតាមច្បាប់មិនអនុញ្ញាតឱ្យតាំងលំនៅដ្ឋាននោះទេ ហើយអាជ្ញាធរក៏មិនបានបណ្ណ័កម្មសិទ្ធិជូនដែរ ប៉ុន្តែ ដោយសារតែពួកគាត់បានរស់នៅយូរមកហើយនោះ ក៏ចេះតែយោគយល់ទៅ។ លោកអភិបាលក្រុងក៏បានអំពាវនាវទៅដល់បងប្អូនដែលរស់នៅតាមមាត់ស្ទឹងទាំងអស់ ជាពិសេសនៅម្តុំកន្លែងកើតហេតុ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ បើមានហេតុការណ៍អ្វីមិនស្រួលត្រូវប្រញ៉ាប់ចាក់ចេញ និងរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ដើម្បីអាចចាត់វិធានការជួយសង្គ្រោះឱ្យទាន់ពេលវេលា៕

https://youtu.be/1fj6plDzR9k

មតិយោបល់