ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ទាន់ វណ្ណ អាយុ ២៦ឆ្នាំ មុខ របរបើករថយន្តឱ្យក្រុមហ៊ុនស៊ិនទ្រី ត្រូវបានតំណាងអយ្យការឱ្យត្រលប់ទៅផ្ទះវិញហើយ ដោយសារភាគីជនរងគ្រោះព្រមទទួលយកសំណង និងសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ។ ប្រភពបន្តថា ជនសង្ស័យខាងលើខាងលើត្រូវបានលោក ខាំ សុផារី តំណាងអយ្យការសម្រេចដោះលែងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
យោងតាម ប្រភពពីសាច់ញាតិរបស់ជនរងគ្រោះបានបញ្ជាក់ថា ក្រុមគ្រួសារជនរងគ្រោះពិតជាបានព្រមទទួលប្រាក់សំណងការខូចខាត ចំនួន ៣,៥០០ដុល្លារពីក្រុមគ្រួសារជនសង្ស័យ ដើម្បីបញ្ចប់រឿងពិតប្រាកដមែន។
យោងតាមមាត្រា ៨៥នៃច្បាប់ចរាចរណ៍ថ្មី បានចែងថា ជនណាបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទបញ្ញត្តស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់៤លាន ទៅ១៥លានរៀល និងអាចត្រូវផ្តន្ទាទោស ដោយទោសបន្ថែមមួយ ឬច្រើន តាមមាត្រា ៥៣ នៃក្រមព្រហ្មទណ្ឌ។
គួររំឭកថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរឲ្យរន្ធត់នេះ បានកើតឡើកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ១៥៦ កែងនឹងផ្លូវ២១១ នៅមុខអគារបុរីកីឡា ស្ថិនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានបណ្ដាលឱ្យយុវជនម្នាក់ឈ្មោះ សុគន្ធ សុធារិទ្ធ អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០នៃសាលាបាក់ទូកបានបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារខ្ទាតចូលក្រោមកង់រថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រី៕
https://youtu.be/FCwQXO5W4To
មតិយោបល់