ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនកម្មករសំណង់ម្នាក់ ពីបទរំលោភសេពសន្ថវៈក្មេងស្រី

ភ្នំពេញៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២១និង០០នាទី មានករណីរំលោភក្មេងស្រី ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យ៉ាត ផានុត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះឈ្មោះ ព ល ហ អាយុ ១៤ឆ្នាំ។

ដំណើររឿង៖ មុនពេលកើតហេតុក្មេងស្រីរងគ្រោះ បានដើរចេញពីផ្ទះទៅបន្ទប់ទឹកដែលមានចម្ងាយពីផ្ទះប្រហែល ២០ម៉ែត្រ ស្រាប់តែជនសង្ស័យ ដែលកំពុងតែឈរនៅក្បែរបន្ទប់ទឹក ចាប់ទាញដៃក្មេងស្រីរងគ្រោះយកទៅរោងធ្វើចង្ក្រានដី ដែលមានចម្ងាយពីផ្ទះជនរងគ្រោះប្រហែល ៥០ម៉ែត្រ ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់ខ្ទប់ក្មេងស្រីរងគ្រោះទៅនឹងជញ្ជាំងរោង និងគំរាមក្មេងស្រីរងគ្រោះមិនឲ្យស្រែក រួចចាប់អោបថើប ផ្តួលក្មេងស្រីរងគ្រោះទៅលើដី យកដៃឆ្វេងចាប់សម្រាតខោក្មេងស្រីរងគ្រោះ ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើក្មេងស្រីរងគ្រោះបានសម្រេចចំនួន ០២លើក ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានឲ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ចំណែករូបគេក៏បានដើរទៅកន្លែងស្នាក់នៅក្នុងរោងកម្មករ។ ពេលក្មេងស្រីរងគ្រោះដើរទៅដល់ផ្ទះ ត្រូវម្តាយបង្កើតឈ្មោះ ឈួន វុត្ថា ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានការសង្ស័យដោយឃើញក្មេងស្រីរងគ្រោះ ដើរឆ្លេឆ្លាចុះឡើងទឹកមុខមានសភាពស្លេកស្លាំង ក៏បានសួរនាំកូនស្រី ទើបបានដឹងរឿងរ៉ាវខាងលើ ហើយគាត់បាននាំកូនទៅរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឲ្យជួយអន្តរាគមន៍។

លុះដល់វេលាម៉ោង ២៣និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចប៉ុស្តិ៍នគរបាលដ្ឋបាលព្រៃស បានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ត្រង់ចំណុចរោងកម្មករស្នាក់នៅ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃសខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ លើក្មេងស្រីរងគ្រោះបានសម្រេចចំនួន ០២លើក ពិតប្រាកដមែន។

វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាក Oppo ពណ៌ទឹកមាស ០១គ្រឿង កាបូបលុយ ពណ៌សូកូឡា ចំនួន០១។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

មតិយោបល់