ត្បូងឃ្មុំៈ ជនសង្ស័យចំនួន៤នាក់ដែលជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលស្រុកតំបែរ ឃាត់ខ្លួន កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១៦ នៅចំណុចភូមិបែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ទី១. ឈ្មោះបភឿន ផាន់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបែង ឃុំសេដា ស្រុកតំបែរ ទី២. ឈ្មោះ សុះ ម៉ូសា ភេទប្រុស អាយុ២១ឆ្នាំ ទី៣. ឈ្មោះ តាំ យូសុះ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ និងទី៤. ឈ្មោះ មាត់ អីសា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរពាក់២ ឃុំសេដា ស្រុកតំបែរ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតបាននូវវត្ថុតាង ប្រភេទម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន៣កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលស្រុកតំបែរកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងខេត្តត្បូងឃ្មុំ៕
មតិយោបល់