ព័ត៌មានជាតិ

សហគមន៍ជ្រោយចង្វា សុំអាជ្ញាធរក្រុងឲ្យបញ្ចប់ជម្លោះដីធ្លីជាមួយក្រុមហ៊ុនOCIC

ភ្នំពេញៈ តំណាងសហគមន៍ជ្រោយចង្វា បាននាំគ្នាស្នើដល់អាជ្ញាធរសាលា​​រាជធានី​​ភ្នំពេញជួយ​អន្តរាគមន៍​​​ជាបន្ទាន់ចំពោះវិវាទដីធ្លី ដែលត្រូវក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា(OCIC) យកមកអភិវឌ្ឍ​​​ទីក្រុង​​រណបជ្រោយចង្វា។

សំណើនេះ បានធ្វើឡើងជាថ្មីម្តងទៀតនៅក្នុងវេទិកាសាធារណៈដែលរៀបចំឡើងដោយ​អាជ្ញា​ធរ​​ខណ្ឌជ្រោយចង្វា និងគណៈអភិបាល​​រាជធានី​​ភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ក្រោមវត្តមាន​លោក​ ជួប ខុន តំណាង លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាល​​រងរាជធានីភ្នំពេញ។

តំណាងសហគមន៍ដែលរងគ្រោះពីការបាត់បង់ដីធ្លី បានឲ្យដឹថា ដីធ្លីរបស់ពួកគាត់កំពុងត្រូវ​បានក្រុមហ៊ុនឈូសឆាយ ខណៈមិនទាន់មានការដោះស្រាយ។ លោក ជា សុផាត តំណាងសហគមន៍នៅភូមិដើមគ សង្កាត់ជ្រោយចង្វា​ បានស្នើឲ្យ​​អាជ្ញាធរ​សាលា​​រាជធានី​​ភ្នំពេញបញ្ឈប់ក្រុម​ហ៊ុនOCICឈូសឆាយដី នៅពេលមិនទាន់បានដោះ​​ស្រាយ និង​បាន​ស្នើឲ្យឆ្វៀលដីពីគម្រោងអភិវឌ្ឍន៍ជាលក្ខណៈស្បែកខ្លា ដោយមានតម្លាភាព មានសុក្រិតភាព។ លោកបានបន្តថា ដីលំនៅដ្ឋាន និងស្រែចម្ការរបស់សហគមន៍នៅភូមិដើមគ ត្រូវបានសាលា​​ក្រុង​​ផ្តល់​ជម្រើសដល់ម្ចាស់ដីតែ១០ភាគរយប៉ុណ្ណោះ ចំណែក៩០ភាគរយទៀត ត្រូវ​​បាន​បែងចែកគ្នារវាង​​សាលា​ក្រុង និងក្រុមហ៊ុនOCIC ក្នុងនោះសាលាក្រុង​​ដល់​៥០​ភាគ​រយ។ បញ្ហា​នេះ​ហើយដែល​​ធ្វើឲ្យ​​សហគមន៍​នៅភូមិដើមគ មិនអាចទទួលយកបាននូវគោលការណ៍ដោះ​​ស្រាយ​​មួយ​​នេះ។ លោក បានបញ្ជាក់ទៀតថា មានដីប្រជាពលរដ្ឋក្នុងភូមិដើមគ និងតាម​បណ្តោយ​មាត់​ទន្លេសាបរហូត​​ដល់​​សង្កាត់តាសេកសរុប៦៦គ្រួសារ ស្មើនឹងផ្ទៃដីជាង៩៤ម៉ឺនម៉ែត្រការ៉េ មិនទាន់​​ឯកភាព​​យកគោល​ការណ៍​​ដោះ​​ស្រាយ​​របស់​​​​សាលា​ក្រុង។

លោក យស សុផាត ប្រជាពលរដ្ឋក្រុម៧នៃភូមិដើមគ បានឲ្យដឹងថា ដីនៅក្រោយ​​តំបន់​​១០០​ម៉ែត្រ ពី​ច្រាំងទន្លេ​ដែល​​កំណត់​ដោយអាជ្ញាធរ មិនត្រូវបានគេវាស់វែង ដើម្បីចេញប្លង់កម្មសិទ្ធិឲ្យទេ ដោយ​​​​អាជ្ញាធរ​​​វាស់វែង​ចេញប្លង់កម្មសិទ្ធិឲ្យតែដីណា ដែលនៅមុខតំបន់ដែលកំណត់​​១០០​ម៉ែត្រ​ប៉ុណ្ណោះ​​​។ លោក​បានស្នើ​ដល់អាជ្ញាធរក្រុងធ្វើការពិចារណាប្រកបដោយតម្លាភាព និងអាចទទួលយក បាន​​ពីការបែងចែកគម្លាតនេះ។

តំណាងអាជ្ញាធរខណ្ឌជ្រោយចង្វា បានឲ្យដឹងថា អាជ្ញាធរខណ្ឌកំពុងជំរុញការដោះស្រាយឲ្យបានឆាប់តាមអាចធ្វើទៅបាន។ លោកបញ្ជាក់ថា បញ្ហាទំនាស់ដីរវាងក្រុមហ៊ុនOCIC និងប្រជាពលរដ្ឋ​​ក្នុង​​​​សង្កាត់​​ព្រែក​​លាប សង្កាត់ជ្រោយចង្វា និងសង្កាត់ព្រែកតាសេក ត្រូវបានអាជ្ញាធរវាស់វែង​​រួច​ហើយ ដោយផ្អែក​​តាម​​អនុក្រិតរបស់រាជរដ្ឋាភិបាល។ លោកថ្លែងថា ការដោះស្រាយជូនប្រជា​​ពល​រដ្ឋ​ដែល​នៅ​​​សេស​​សល់ គឺប្រគល់ទៅឲ្យអាជ្ញាធរសាលារាជធានីភ្នំពេញ និងភាគីក្រុមហ៊ុន។

លោក ស៊ុយ សេរិទ្ធ បានគាំទ្រគោលការណ៍ដោះស្រាយដែលមានតម្លាភាព។ ប៉ុន្តែលោកថា កិច្ច​ការនេះ មិនអាចដោះស្រាយម្តងឲ្យចប់ទាំងអស់នោះទេ។ លោកបន្ថែមថា «មកដល់ពេលនេះយើង ដោះស្រាយបានច្រើនហើយ ហើយខ្ញុំនឹងបន្តដោះស្រាយទៀត»។

សាលា​រាជធានី​ភ្នំពេញ កាលពីឆ្នាំ​២០១១ បាន​ចុះកិច្ចសន្យាជាមួយ ក្រុម​ហ៊ុនOCIC របស់​​លោក​​ឧកញ៉ា ពុង ឃាវ​សែ ដើម្បីជួល​ដី​តំបន់​ជ្រោយចង្វាចំនួន៣៨៧ហិកតា រយៈពេល៩៩ឆ្នាំ ដើម្បី​អភិវឌ្ឍន៍​​ទៅ​ជាទី​ក្រុង​រណប ក្នុង​ទុនវិនិយោគ​​ចំនួន​​៤៨៦​លាន​ដុល្លារអាមេរិក ដើម្បីប្រែ​ក្លាយ​តំបន់​នោះ​ទៅជា​តំបន់​ពាណិជ្ជ​កម្ម ផ្សារ​ទំនើប កន្លែង​កំសាន្ត អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ ផ្ទះ​ល្វែង ផ្ទះ​វីឡា កន្លែងធ្វើការ ដែល​ប្រកប​ដោយ​​​ផាសុខភាព។ មានប្រជាពលរដ្ឋជាច្រើនរយគ្រួសារ​បាន​​រង​​ផល​ប៉ះ​​ពាល់​លើដីលំនៅដ្ឋាន ស្រែចម្ការ ពីគម្រោង​​អភិវឌ្ឍន៍​​​​មួយនេះ៕

ជម្លោះដីសហគមន៍ជ្រោយចង្វាជម្លោះដីសហគមន៍ជ្រោយចង្វាជម្លោះដីសហគមន៍ជ្រោយចង្វាជម្លោះដីសហគមន៍ជ្រោយចង្វា

មតិយោបល់