ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយដឹកឈើ ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត នៅខណ្ឌចំការមន

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយ២តោនកន្លះ ដឹកឈើ បានពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៣ និង១០នាទី យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុប (មេភ្លើង) ផ្លូវ៣៦០ កែងនិងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
អ្នកបើកបររថយន្តបង្កមានឈ្មោះ ព្រហ្ម សុភ័ក្តា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត រស់នៅក្នុងភូមិព្រៃធំ ឃុំសាឡុង ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។

បើតាមសម្ដីព្រូ បានឲ្យដឹងថា រូបគេ និងតៃកុង បានរថយន្តម៉ាក ហុីយ៉ាន់ដាយ ២តោនកន្លះ ពាក់ស្លាកលេខ កំពង់ចាម 3A-3687 ដឹកឈើពីស្រុកវិហារសួរ មកច្បារអំពៅ ធ្វើដំណើរឆ្លងកាត់ផ្លូវព្រះមុនីវង្ស ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនល្មម ខណ:មកដល់ចំណុចកើតហេតុ ក៏បានគេចនិងរថយន្តផ្សេងនៅខាងមុខ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់ និងបាក់ខ្ទាតស្លាកសញ្ញាចរាចរណ៍អស់មួយ រីឯរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ តែមិនបបង្កឲ្យនរណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយឃាត់តៃកុង រថយន្តបង្ក យកទៅកាន់ប៉ុស្ដិ៍នគរបាលបឹងកេងកងទី៣ ដើម្បីធ្វើការសាកសួរ។ ចំណែករថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការ រិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់