ព័ត៌មានជាតិ

ចាប់បានឃាតកដែលចាក់សម្លាប់គូទំនាស់

ភ្នំពេញ:  ជនសង្ស័យដែលជាឃាតកដែលបានធ្វើសកម្មភាពបង្កទំនាស់វាយនិងយកកូនកាំបិតចាក់បុរសម្នាក់ បណ្តាលឲ្យស្លាប់ ពេលនេះត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយនិងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១និង៣០នាទី  ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ  ធៀម ស៊ីវគួង ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៨២ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកបក្ខពួក២នាក់ទៀត ទី១ឈ្មោះ សុខ ដារ៉ា ហៅកូវ ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២ឈ្មោះ ទេស ពុទ្ធីរង្សី  ហៅក្អូន ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ យោធា ស្នាក់នៅផ្ទះលេខ៥៥៨ ផ្លូវលំ ភូមិ ព្រែកតាគង់  សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរត់គេចខ្លួនបាត់ ។

ចំណែកជនរងគ្រោះមានឈ្មោះ ឡេ យុំងហុង ភេទប្រុស  អាយុ២៩ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ សន្សំកុសល១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានក្រុមជនដៃដល់ ធ្វើសកម្មភាពបង្កទំនាសវាយ និងយកកូនកាំបិតចាក់បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១និង១៤នាទី រំលងអាធ្រាត្រ នៅចំណុចមុខផ្ទះលេខ១៣១៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់  សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

ឃាតកម្ម

ឃាតកម្ម

មតិយោបល់