ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូធុនធំ១គ្រឿងម៉ាក Kawasaki.Baja ជិះឡើងស្ពានលឿនពេកអកហ្ស៊ឺនឹងរថយន្តខាងមុខ បណ្តាលឲ្យដួលចូលក្រោមរថយន្ត១គ្រឿងម៉ាក ISUZU អូសជាង២០ម៉ែត្រ រងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក Kawasaki.Baja ពណ៌ស ពាក់ស្លាកលេខ1CL-2898 ជិះឡើងលើស្ពានជ្រោយចង្វាថ្មីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ពាក់កណ្តាលស្ពាន ហើយដោយមានរថយន្ត១គ្រឿងទៀតម៉ាក ISUZU ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1E-0979 ធ្វើឲ្យម៉ូតូធំ អកហ្ស៊ឺនឹងរថយន្ត ចាប់ហ្វ្រាំងដួលបុកចូលក្រោមរថយន្ត ISUZU ពេញទំហឹង គាបជាប់ក្រោមរថយន្តអូសជាង២០ម៉ែត្រ វេរក្បាលរថយន្តត្រឡប់ក្រោយវិញ បណ្តាលឲ្យបុរសជិះម៉ូតូធំរងរបួសធ្ងន់ ត្រូវបានមិត្តភក្តិជិះម៉ូតូតាមមកពីក្រោយលើកដាក់ម៉ូតូដឹកទៅកាន់មន្ទីរពេទ្យ បន្ទាប់មក ដោយគ្មានអ្នកឃាត់ ម្ចាស់រថយន្តបង្ក បានបើកបររថយន្ត គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ នគរបាលខណ្ឌជ្រោយចង្វាដែលនៅគោលដៅក្បែរកន្លែងកើតហេតុ បានទាក់ទងទៅនគរបាលខណ្ឌដូនពេញឲ្យមកមើល ហើយកម្លាំងនគរបាលខណ្ឌដូនពេញបានទាក់ទងទៅជំនាញចរាចរណ៍ក្រុង មកវាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់