សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដសាំយ៉ុង១៥កៅអី បុកជាមួយម៉ូតូ១គ្រឿង បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ អាជ្ញាធរអប្សរា ស្ថិតក្នុងភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ប៉ោះ ចន្ថា អធិការនគរបាលរងស្រុកប្រាសាទបាគងខេត្ដសៀមរាបទទួលបន្ទុកចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងរថយន្តសាំងយ៉ុង១៥ កៅអី ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AI-1944 បុកជាមួយម៉ូតូម៉ាក់ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ យ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្សប្រុស២នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។ ដោយរថយន្ដសាំយ៉ុង បានបើកពីទិសលិចទៅកើត ស្របពេលម៉ូតូបើកឆ្លងកាត់ផ្លូវឡើងពីត្បូង ហើយបត់ទៅលិចដោយមិនមានការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់នេះ កើតឡើងតែម្ដង។
សមត្ថកិច្ចបន្តថា ជនរងគ្រោះទី១-ឈ្មោះ វឿន វុន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នកបើកបរ (ស្លាប់)។ ទី២-ឈ្មោះ សន សម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប រួមដំណើរ(ស្លាប់)។ និងទី៣-ឈ្មោះ វឿន វ៉ុន ភេទប្រុស អាយុ៣៨ឆ្នាំ ឆ្នាំ រស់នៅភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប រួមដំណើរ (រងរបួសធ្ងន់)។ ចំពោះអ្នកបើកបររថយន្តពុំស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នសព បន្ទាប់ពីធ្វើកំណត់ហេតុ និងវាស់វែងរួចហើយ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងសមត្ថកិច្ចនគរបាល យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់