ព័ត៌មានជាតិ

តុលាការលើកពេលសវនាការសំណុំរឿង ជួលស្ត្រីខ្មែរពពោះជំនួសជនបរទេស ទៅពេលក្រោយ

ភ្នំពេញៈ ក្រោយពីបើកសវនាការពេញមួយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោកស្រី ស៊ លីនណា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលការបើកសវនាការជំនុំជម្រះជាសាធារណៈលើសំណុំរឿង ជួលស្ត្រីខ្មែរពពោះជំនួស ជនបរទេស នៅអូស្ត្រាលីទៅពេលក្រោយ ដោយជូនដំណឹងនាពេលក្រោយ ព្រោះតុលាការនៅមិនទាន់បានសាកសួរសាក្សីអស់នៅឡើយ។

សូមបញ្ជាក់ថា លោក វង់ ប៊ុនវិសុទ្ធ តំណាងអយ្យការបានចោទប្រកាន់ជនជាប់ចោទទី១ឈ្មោះ CHALES TAMMY ALAYNE ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី ទី២ឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ និងទី៣ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរឆ្មប ជាជនជាតិខ្មែរ ពីបទ អន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះ និងបទ សុំឲ្យផ្ដល់ឯកសារដោយទុច្ចរិត ប្រព្រឹត្តិនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៤ ដល់២០១៦ យោងតាមមាត្រា៣៣២ និងមាត្រា៦៣២ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការឈ្មោះ CHARLES TAMMY ALAYNE ហៅ TAMMY បានសារភាពថា ខ្លួនបានធ្វើការឱ្យក្រុមហ៊ុនNEW GENERTIC ដែលជួលស្ត្រីខ្មែរឲ្យពពោះ និងបង្កើតកូនឱ្យជនជាតិអូស្ត្រាលី។ ជនជាប់ចោទបានបន្តថា ខ្លួនបានរកស្ត្រីខ្មែរនៅលីវពពោះ និងបង្កើតកូនចំនួន២៣នាក់ ដោយនាំចេញទៅក្រៅប្រទេសបាន៦នាក់ (ស្រីទាំងអស់) ក្នុងនោះកូនភ្លោះមួយម្នាក់ ដោយតម្លៃខ្លួនទទួលបានពីគ្រួសារចង់បានកូនម្នាក់ ៥០ ០០០ដុល្លារអាមេរិក ដោយខ្លួនដកយក ៨០០០ដុល្លារ លុយនៅសល់ទុកចំណាយផ្សេងៗ និងឱ្យស្ត្រីពពោះ។ ជនជាប់ចោទ បានអះអាងថា ការស៊ីឈ្នួលពពោះនោះមានកិច្ចសន្យាត្រឹមត្រូវជាមួយស្ត្រីអ្នកពពោះ ហើយដើម្បីបញ្ជូនកូននោះទៅអូស្ត្រាលី ឬទៅបរទេសបាន ទី១ត្រូវពិនិត្យមើល DNA រកឱ្យឃើញ ឪពុកសិន ទី២រៀបចំឯកសារចូលសញ្ជាតិអូស្ត្រាលី និងទី៣រៀបចំលិខិតឆ្លងដែនជាមុនសិន។

ជនជាប់ចោទឈ្មោះ សំរិទ្ធ ច័ន្ធចរិយា ហៅ សម្បត្តិ បានឆ្លើយថា ខ្លួនពិតជាបានធ្វើការឱ្យក្រុមហ៊ុន NEW GENERTIC មានទីតាំងនៅក្នុងអគារ កាណាឌីយ៉ា ដែលមានឈ្មោះ Tammy ជាប្រធាន និងជាអ្នកដើររកជួលស្ត្រីឱ្យពពោះ និងបង្កើតកូនឱ្យបរទេស។ ជនជាប់ចោទនិយាយថា ខ្លួនជាអ្នកបកប្រែភាសា ថែទាំ និងពិនិត្យសុខភាពស្ត្រីស៊ីឈ្នួលពពោះ ដោយទទួលបានប្រាក់ខែ ចំនួន ៦៥០ ដុល្លារក្នុង១ខែ។ ជនជាប់ចោទ បន្ថែមថា ស្ត្រីដែលស៊ីឈ្នួលពពោះ ពេលដាក់មេជីវិតចូល ទទួលបាន ៣០០ដុល្លារ នៅអំឡុងពេលពេលពោះទទួលបាន ៤០០ដុល្លារក្នុង១ខែ និងនៅសម្រាលកូនរួច ទទួលបានប្រាក់ចំនួន ១ម៉ឺនដុល្លារ ក្នុងកូនមួយ បន្ថែមទៀត។ ពួកគេត្រូវបានខ្លួនជូនទៅគណនីនៅធនាគារ វឌ្ឍនៈ ដើម្បីបើកលុយពេលសម្រាលកូនរួចរាល់។

ជនជាប់ចោទឈ្មោះ ពេញ រិទ្ធិ សារភាពថា ខ្លួនជាអ្នករត់ការធ្វើសំបុត្រកំណើតឲ្យទារកម្នាក់ ៧០០ ទៅ ១៣០០ ដុល្លារអាមេរិក និងជួយដឹកក្មេងចេញទៅបំពេញបែបបទនៅនាយកដ្ឋានអន្តោប្រវេសន៍ និងរត់ការធ្វើលិខិតឆ្លងដែនឱ្យទារក។ ជនជាប់ចោទ បញ្ជាក់ថា ខ្លួនយកលុយពី ឈ្មោះ Tammy សម្រាប់រត់ការ។ ខ្លួនជាអ្នកដើររកស្ត្រីខ្មែរឱ្យស៊ីឈ្នួលពពោះបាន៦នាក់ផងដែរ ដោយបានកម្រៃជើងសារពីស្ត្រីខ្មែរទាំងអស់នោះ ក្រៅពីកម្រៃជើងសារចំនួន ៩០០ដុល្លារ ហើយខ្លួនក៏បានទទួលប្រាក់ខែចំនួន ៦០០ដុល្លារក្នុងមួយខែពីឈ្មោះ Tammy។

ក្រុមស្ត្រីស៊ីឈ្នួលពពោះ ដែលជាសាក្សី បានរៀបរាប់ប្រាប់អង្គសវនការថា ពួកគាត់ព្រមពពោះដោយស្មគ្រចិត្តគ្មានអ្នកបង្ខំទេ។ នៅពេលសម្រាលកូនរួច កូននោះត្រូវ Tammy និងបុគ្គលិកគាត់ជាអ្នករត់ការ ធ្វើឯកសារផ្សេងដើម្បីឱ្យកូននោះបានទៅរស់នៅជាមួយឪពុកម្តាយ ជាម្ចាស់មេជីវិត។

គួររំលឹកថា សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ និងខណ្ឌដូនពេញ ឃាត់ខ្លួន ជនជាប់ចោទទាំង ៣នាក់កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦៕

https://youtu.be/3DiQqBBcuQg

មតិយោបល់