ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យរួមនឹងថ្នាំញៀនមួយចំនួនធំ

បាត់ដំបង: ជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងថ្នាំញៀនមួយចំនួនធំ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្ទាក់ឃាត់ខ្លួន ខណ:ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនតាមរថយន្តយកទៅចែកចាយ។ ហេតុការណ៍ស្ទាក់ឃាត់ខ្លួនជនសង្ស័យដឹកជញ្ជូនថ្នាំញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

លោក សូឌី ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងករណីដឹកជញ្ជូន កាន់កាប់ និងចែកចាយគ្រឿងញៀនដោយខុសច្បាប់មួយកំពុងប្រព្រឹត្តជាក់ស្តែងមក លោកក៏បានចាត់កម្លាំងជំនាញចុះទៅចំណុចទីតាំងខាងលើ និងធ្វើការស្ទាក់ចាប់រថយន្ត ចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។

លោកបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះ មុត បូណា ហៅ សុខ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ រីឯវត្ថុតាងដកហូតបានរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក )ចំនួន៥កញ្ចប់ ទម្ងន់១០០ក្រាម គ្រឿងញៀនប្រភេទមេតំហ្វេតាមី(យ៉ាម៉ាwyគ្រាប់)ចំនួន ២១៧ គ្រាប់។ រថយន្តម៉ាកកាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Z-1911ចំនួន១គ្រឿង និងទូរសព្ទដៃចំនួន២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ថ្នាំញៀន

ថ្នាំញៀន

មតិយោបល់