ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ព្រមទាំងប្រជាការពារសង្កាត់ឫស្សីកែវ និងប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីកម្លាំងសមត្ថកិច្ចបានរកឃើញសម្ភារៈសម្រាប់ធ្វើសកម្មភាពបទល្មើសមួយចំនួន។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចផ្លូវលេខ៩៣កែងផ្លូវលេខ៦៨ ក្រុម១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ កើន រ័ត្ន ហៅអាដំ ភេទប្រុស អាយុ២៦ឆ្នាំ និងទី២-ឈ្មោះ ជា ហៃ ហៅចយ ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំង២នាក់ មានមុខរបរ និងទីលំនៅ មិនពិតប្រាកដ។
សមត្ថកិច្ចបានបន្តថា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិចិ្ឆកា កម្លាំងសមត្ថកិច្ចបានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ ស្រាប់តែបានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O-9324 ដោយមានការសង្ស័យទើបសមត្ថកិច្ចហៅឲ្យឈប់ រួចធ្វើការឆែកឆេររកឃើញសោរខ្សៀរលេខ៨ចំនួន១ដើម ដែកចុងស្រួចកែវច្នៃប្រវែង៨ស.ម ចំនួន១ដើម សម្រាប់កាច់សោកម៉ូតូ និងដែកឆាបចំនួន១ប្រវែង២០ស.ម សម្រាប់ដាប់សន្ទះសោម៉ូតូ។ ក្រោយពីធ្វើការឆែកឆេររួចមក កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែដើម្បីធ្វើការសាកសួរ។
ក្រោយពីសាកសួរជនសង្ស័យទាំង២នាក់ខាងលើរួចមក ពួកគេបានសារភាពថា ពួកទាំង ២នាក់ធ្លាប់ដើរលួច និងកាច់កម៉ូតូរបស់គេពិតប្រាកដមែន ដោយពួកគេបាននិយាយថា យូរៗកាច់កម៉ូតូបានម្តងៗ ដើម្បីយកលុយទៅទិញថ្នាំញៀននៅម្តុំរោងចក្រឆ្នាំង។
គួរបញ្ជាប់ផងដែរថា នៅម្តុំរោងចក្រឆ្នាំងនេះ សម្បូរទៅដោយទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនជារៀងរាល់យប់ថ្ងៃដូចទំនិញក្នុងផ្សារចឹង ហើយអាជ្ញាធរដូចជាគ្មានវិធីការបង្ក្រាបមេក្លោងជួញដូរ និងផ្តល់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀនទាល់តែសោះ ហើយម្យ៉ាងវិញទៀត ឲ្យតែកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាប គឺជនសង្ស័យទាំងនោះ សារភាពថា ពួកគេទិញថ្នាំពីតំបន់នោះទាំងអស់។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕








មតិយោបល់