បន្ទាយមានជ័យៈ បុរសម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេបានវាយបំផ្លាញផ្ទះអ្នកដទៃ។ ការឃាត់ខ្លួនធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ វិច្ឆិកា ២០១៦ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ ចន្ថា ហៅ កែវ អង ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត មុខរបរលក់ផ្លែឈើ។
សមត្ថកិច្ចបានបន្តថា នៅថ្ងៃកើតហេតុ ជនសង្ស័យរួមនឹងបក្ខពួក៣នាក់ទៀតប្រដាប់ដោយកាំបិត ដំបង បានជិះម៉ូតូពីរគ្រឿងទៅផ្ទះជនរងគ្រោះឈ្មោះ ជាតិ សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ ក្នុងគោលបំណងវាយសម្លាប់ ប៉ុន្តែពេលនោះជនរងគ្រោះមិននៅផ្ទះ ហើយក្រុមជនសង្ស័យក៏ចាប់ផ្តើមវាយ និងកាប់បំផ្លាញទ្វារផ្ទះខ្ទេចស្ទើរទាំងស្រុង។
ក្រោយមកសមត្ថកិច្ចចុះអន្តរាគមន៍ ប៉ុន្តែជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់នៅសល់តែម្នាក់ ក៏ត្រូវសមត្ថកិច្ចដេញតាមចាប់បាន។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ៕
មតិយោបល់