ព័ត៌មានជាតិ

ពលរដ្ឋ ២០០គ្រួសារ ទទួលបានទឹកស្អាតពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន២០០គ្រួសារ រស់នៅក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ បានទទួលប៊ីដុងទឹកស្អាតចំណុះ៣០លីត្រ ក្នុងមួយគ្រួសារចំនួន១ប៊ីដុង ពីលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីក្រោមឱវាទ ហើយអាជ្ញាធរបន្តផ្ដល់ជូនទឹកស្អាតដល់ប្រជាពលរដ្ឋជាង២លានលីត្រ។

សកម្មភាពមនុស្សធម៌ ដែលមានការយកចិត្តទុកដាក់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅពេលនេះ ត្រូវបានលោកអភិបាលខណ្ឌបញ្ជាក់ថា ក្រុមការងាររបស់សាលាខណ្ឌ នឹងបន្តចែកទឹកស្អាតជូនដល់ប្រជាពលរដ្ឋភូមិផ្សេងៗទៀតនៅថ្ងៃស្អែកផងដែរ។

ឆ្លៀតឱកាសនេះ លោក ហែម ដារិទ្ធិ ក៏បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវសហការ និងរាយការណ៍ជាបន្ទាន់អំពីបញ្ហា​​កង្វះខាតទឹក​ប្រើប្រាស់របស់ប្រជាពលរដ្ឋ ដើម្បីឲ្យថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយបានដឹង ព្រមទាំងដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាព តាមគោលការណ៍ស្អាត៣ គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ហើយបើមានជំងឺសូមទៅមណ្ឌលសុខភាព ដែលជិតផ្ទះជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលទាន់ពេលវេលា៕

photo_2016-05-03_09-11-36photo_2016-05-03_09-11-25photo_2016-05-03_09-11-24photo_2016-05-03_09-11-22photo_2016-05-03_09-11-22 (2)

មតិយោបល់