កំពង់ឆ្នាំងៈ កម្មការិនីធ្វើការនៅរោងចក្រកាត់ដេរ MV ស្ថិតក្នុងអគារA រងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក្រោយពីពិដានម្នាងសិលាក្នុងរោងចក្រដាច់ធ្លាក់ត្រូវក្បាលពួកនាង។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងរោងចក្រកាត់ដេរ MV វេលាម៉ោង៧និង៣៥នាទី ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្រុមគ្រួសារនារីរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់មានឈ្មោះ ស៊ឹម ស្រីស្រស់ អាយុ២៧ឆ្នាំ មានផ្ទៃពោះ៦ខែ រស់នៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង បានរងរបួសធ្ងន់ត្រង់ស្មាក្បែរកញ្ចឹងកផ្នែកខាងក្រោយ។ ទី២.ឈ្មោះ រ៉ែន ភិរម្យ អាយុ២១ឆ្នាំ រស់នៅភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៌ រងរបួសក្បាលធ្ងន់។ ទី៣.ឈ្មោះ វ៉ាន់ ស្រីតូច អាយុ២៥ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានរងរបួសចំក្បាលសន្លប់ជាង៣ម៉ោងទើបដឹងខ្លួននៅក្នុងមន្ទីរពេទ្យ។
ក្រោយពេលដឹងខ្លួន នារីរងគ្រោះទាំង៣នាក់បាននិយាយឲ្យដឹងថា មុនពេលកើតហេតុពួកនាងកំពុងធ្វើការនៅក្នុងអគារA ជាអគារត្រួតពិនិត្យសម្លៀកបំពាក់ក្រោយការកាត់ដេរ ខណៈនោះស្រាប់តែពិដានម្នាងសិលា៤ទៅ៥ផ្ទាំង មានទំហំប្រមាណកន្លះម៉ែត្រ៤ជ្រុង បានធ្លាក់មកចំក្បាលពួកនាង បណ្តាលឲ្យពួកនាងទាំង៣រងរបួសធ្ងន់ ក្នុងនោះមានម្នាក់បានសន្លប់ជាច្រើនម៉ោង។ ក្រោយពេលកើតហេតុ ត្រូវបានក្រុមហ៊ុនដឹកបញ្ជូនពួកនាងមកសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
កម្មការិនីរងរបួស និងអាណាព្យាបាលសំណូមពរដល់ប្រធានក្រុមហ៊ុនរោងចក្រMV ជួយព្យាបាលរបួសពួកនាងឲ្យជាសះស្បើយឡើងវិញ និងសំណូមពរកុំឲ្យកាត់ប្រាក់ខែពួកនាង ក្នុងរយៈពេលដែលពួកនាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដានេះ គេឃើញតំណាងក្រុមហ៊ុនជនជាតិចិនបានចុះទៅសួរសុខទុក្ខជនរងគ្រោះទាំង៣នាក់ផងដែរនៅក្នុងមន្ទីរពេទ្យខេត្ត។ ដោយឡែកជនជាតិខ្មែរម្នាក់ជាប្រធានធនធានមនុស្សក្នុងរោងចក្របានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះ បណ្តាលមកពីដាច់ខ្សែលួស ទើបពិដាន៤ទៅ៥ផ្ទាំងនេះ ធ្លាក់ចំបងប្អូនកម្មករទាំង៣នាក់។
ក្នុងករណីនេះ ខាងក្រុមហ៊ុននឹងជួយដោះស្រាយថ្លៃព្យាបាលរហូតដល់ជាសះស្បើយ និងមិនកាត់ប្រាក់ខែពួកគាត់ដែរ ព្រោះនេះជាគ្រោះថ្នាក់ក្នុងពេលធ្វើការងារ។ រីឯពិដាននៅក្នុងអគារនេះ និងអគារដទៃទៀតក្រុមហ៊ុននឹងពិនិត្យមើល ព្រមទាំងដោះដូរឡើងវិញ ដើម្បីកុំឲ្យមានគ្រោះថ្នាក់បែបនេះកើតឡើងទៀត៕
មតិយោបល់