ស្ទឹងត្រែង: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនត្រង់ចំណុចច្រកទ្វារព្រំដែន ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៤ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ព្រមទាំងបញ្ជូនខ្លួន មកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅរសៀលថ្ងៃខែ
ដរដែល ដើម្បីសាកសួរបន្ថែម។
អាវុធហត្ថបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ និងម៉ូតូមួយគ្រឿងសម្រាប់ជិះធ្វើសកម្មភាព។ ក្នុងការចុះបង្ក្រាប់ករណីខាងលើនេះ អាវុធហត្ថបានរៀបចំកម្លាំង ព្រមទាំងដាក់បណ្តាញតាមស៊ើបអង្កេត
ជាច្រើនថ្ងៃ ទើបអាចកំណត់មុខសញ្ញាបាន រួចធ្វើការឃាត់ខ្លួនពេល ដែលជនសង្ស័យធ្វើសកម្មភាពតែម្តង។
អាវុធហត្ថបន្តថា ការចុះបង្ក្រាបករណីខាងលើនេះ សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យទី១.ឈ្មោះ ឡយ ហួងហានសឹក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើស្រែចំការ។ ទី២.ឈ្មោះ ស៊ុផន វង់សាឡាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិឡាវ មុខរបរនាយទាហានការពារព្រំដែនដុងក្រឡរ។ ជនសង្ស័យទាំង២នាក់ រស់នៅភូមិហួយផៃ ស្រុកប៉ាក់សាន់ ខេត្តចំប៉ាសាក់។
ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលេី អាវុធហត្ថដកហូតបាន វត្ថុតាងរួមមាន គ្រាប់កាំភ្លើងអាកា ចំនួន១៦គ្រាប់ ម៉ូតូម៉ាកវេវ មួយគ្រឿង ព្រមទាំងថ្នាំញៀនប្រភេទមេតំហ្វេតូមីនគ្រាប់ ពណ៌ក្រហម (យ៉ាម៉ា) ចំនួនមួយកញ្ចប់ធំ ក្នុងនោះមានដប់កញ្ចប់តូចៗ ដែលមានថ្នាំញៀនចំនួន១៩៩៧គ្រាប់ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានអាវុធហត្ថរៀបចំកសាងសំណុំរឿង ហើយបញ្ជូនខ្លួនបន្តទៅកាន់តុលាការដាក់ទោសទៅតាមនិតិវិធីនៃច្បាប់៕






មតិយោបល់