ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វាយប្លន់ម៉ូតូបានហើយ តែបើករត់មិនរួច ត្រូវប៉ូលិសក្របួចបាន០៣នាក់ភ្លាមៗ

ភ្នំពេញៈក្រុមចោរប្លន់វ័យក្មេង៣នាក់ ក្នុងចំណោមគ្នា៥នាក់ ដែលប្រើប្រាស់ខ្សែក្រវ៉ាត់ និងមួកសុវត្ថិភាពដេញតាមប្លន់យកម៉ូតមួយគ្រឿង បានសម្រេចតែរត់គេចមិនរួច ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ចាប់បង្រ្កាបភ្លាមៗទាន់ពេលវេលា ព្រមទាំងដកហូតបានម៉ូតូ របស់ជនរងគ្រោះមកវិញ កាលពីវេលាម៉ោង១២និង៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៦ នៅចំណុចផ្លូវ២០០ កែង៥១ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ ថ្លែងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យកម្លាំងនគរបាលតាមខណ្ឌធ្វើការស្រាវជ្រាវ និងចុះល្បាតជាប្រចាំទប់ស្កាត់រាល់សកម្មភាពរបស់ក្រុមជនសង្គមងងឹត និងជាពិសេសក្រុមចោរប្លន់ ដែលតែងតែធ្វើសកម្មភាពពេលយប់នោះ។

ជាក់ស្តែងកម្លាំងនគរបាលខណ្ឌដូនពេញ កំពុងចុះល្បាតនៅក្នុងមូលដ្ឋាន ក៏ជួបនឹងសកម្មភាពជាក់ស្តែង បន្ទាប់ពីក្រុមចោរវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះបានសម្រេច ហើយបានជិះរត់គេច តាមបណ្តោយផ្លូវលេខ២០០ ស្ថិតខាងមុខអធិការនគរបាលខណ្ឌដូនពេញនោះ ក៏កម្លាំងចេញអន្តរាគមន៍ចាប់បង្រ្កាបភ្លាមៗ ដោយឃាត់ក្រុមជនសង្ស័យបាន០៣នាក់។ ទី១ឈ្មោះពេជ្រ ចាន់ណារ័ត្ន អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវ ៣៧១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ, ទី២-ឈ្មោះ តឹប ចំរើន អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២២៩ ផ្លូវ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង៣-ឈ្មោះ កែវ វិចិត្រ អាយុ២១ឆ្នាំ មុខរបរនៅផ្ទះស្នាក់ នៅផ្ទះលេខ៧១ ផ្លូវ៣៧១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។ ចំណែកបក្ខពួក០២នាក់ទៀត បានគេចខ្លួនបាត់ស្រមោល។

ក្រោយការបង្ក្រាបកម្លាំងនគរបាល បានដកហូតម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1FT-3125 និងខ្សែក្រវាត់ចំនួនមួយ ដែលប្រើប្រាស់ធ្វើសកម្មភាពប្លន់នោះ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនីតីវិធី។ ចំណែកបក្ខពួកដែលនៅសេសសល់កំពុងតាមស្រាវជ្រាវចាប់ខ្លួនបន្តទៀត៕

photo_2016-05-03_09-44-26

មតិយោបល់