កំពង់ធំៈ មានការភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យមានការថ្នាំងថ្នាក់មកលើប្រជាពលរដ្ឋ ដោយសារតែស្វ័យការពារចម្ការកៅស៊ូរបស់លោក ម៉ក់ គឹមហុង បានស្ទាក់វាយធ្វើបាបបុរសម្នាក់ បណ្តាលឲ្យសន្លប់នៅនឹងកន្លែង ក្នុងចម្ការកៅស៊ូ ខណៈពេលដែលបុរសរូបនោះ ដឹកសណ្តែកសៀងឆ្លងកាត់ចម្ការ ស្ថិតនៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែវិឆ្ឆិកា ឆ្នាំ២០១៦។
តាមការឲ្យដឹងពីជនរងគ្រោះ ឈ្មោះ ជា នាម ភេទប្រុស បានបញ្ជាក់ពីសកម្មភាពដ៏ឃោរឃៅព្រៃផ្សៃមកលើរូបលោកថា ខណៈពេលដែលលោក ដឹកសណ្តែកសៀងឆ្លងកាត់ចម្ការកៅស៊ូ របស់លោក ម៉ក់ គឹមហុង ស្រាប់តែមានឈ្មោះ សាយ រ៉េន មានតួនាទីជាអ្នកការពារក្រុមហ៊ុន បានជិះរថយន្តមកកាក់ ហើយជេរប្រមាថ ហាមមិនឲ្យធ្វើដំណើរឆ្លងកាត់ចម្ការកៅស៊ូ ពេលនោះជនទំនើងរូបនេះ បានដើរមកវាយលោកនឹងដៃ តែលោកមិនតបត ខណៈនោះស្រាប់តែយកដំបងមកវាយលើលោករហូតធ្វើឲ្យដៃរបស់លោកស្ទើរតែបាក់ និងសន្លប់តែម្តង ដោយរូបលោកនិងជនទំនើងរូបនោះពុំធ្លាប់មានទំនាស់នឹងគ្នាពីមុនសោះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកអួង ម៉ាលី អធិការស្រុកសណ្តាន់ មិនយកចិត្តទុកដាក់ពីពាក្យបណ្តឹងរបស់ជនរងគ្រោះនេះ លោកអធិការស្រុក បានឆ្លើយថាលោកអត់បានដឹងរឿងនេះទេ ដោយសារប៉ុស្តិ៍រដ្ឋបាលឃុំមិនបានរាយការណ៍ រហូតមកដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ក៏មានការបែកធ្លាយព័ត៌មានទើបប៉ុស្តិ៍រដ្ឋបាលកោះហៅជនរងគ្រោះ និងជនបង្កឲ្យចូលមកដោះស្រាយ ដោយមានការទាមទារសំណងដល់ទៅ ២០០០ដុល្លារ តែភាគីជនបង្កហេតុហ៊ានចំណាយលុយ ត្រឹមតែ៥០ម៉ឺនរៀល ជាសំណងនៃការបង្កឲ្យបាក់ដៃ និងសន្លប់។
លោក អនុសេនីយ៍ទោ ឈំ ឈាង នាយប៉ុស្តិ៍រដ្ឋបាលឃុំទំរីង បានឲ្យដឹងថា រឿងហេតុដែលបង្កឲ្យឈានដល់វាយជនរងគ្រោះ គឺភាគីទាំង២នាក់ ធ្លាប់មានទំនាស់គ្នាពីមុនមក រហូតមកដល់ថ្ងៃកើតហេតុ ទើបលោក សាយ រ៉េន បាន ប្រទះឃើញជនរងគ្រោះបើកគោយន្ត ឆ្លងកាត់ក៏មានឱកាសវាយតាមអំពើចិត្តតែម្តង ចំពោះបញ្ហានេះលោកបានធ្វើការដោះស្រាយជាបន្តបន្ទាប់អស់រយៈពេល៣ថ្ងៃមកហើយ តែនៅតែពុំទាន់ចុះសម្រុងគ្នាហើយនឹងដោះស្រាយបញ្ចប់នៅថ្ងៃនេះ តែទោះបីយ៉ាងណាករណីនៅតែពុំមានការយល់ព្រម ហើយលោកនឹងបញ្ជូនសំណុំរឿងនេះទៅអធិការដើម្បីដោះស្រាយបន្ត។
ចំណែកភាគីក្រុមហ៊ុនរបស់លោក ម៉ក់ គឹមហុង ពុំអាចសុំការបំភ្លឺពីករណីសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរដឹកកសិផល និងការធ្វើដំណើរចេញចូលប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាននោះទេ ដោយសារតែមានការចោទប្រកាន់ថា ខាងក្រុមហ៊ុនតែងតែហាមឃាត់ មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរ ឬដឹកជញ្ជូនឆ្លងកាត់ចម្ការកៅស៊ូ ៕



មតិយោបល់