កំពង់ចាមៈ ស្ត្រីម្នាក់ រងការវាយប្រហារដោយទឹកអាស៊ីត បណ្ដាលឲ្យរងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈនាងចេញពីបន្ទាប់ទឹក ស្របពេលដាច់ភ្លើង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ទីបំផុតជនបង្ក គឺជាប្តីរបស់ស្ត្រីរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
សមត្ថកិច្ចមូលដ្ឋាន ឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរទៅបន្ទប់ទឹកនៅចំហៀងផ្ទះ គ្រាដែលដើរត្រឡប់ចេញមកវិញ ក៏ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតទៅលើខ្លួននាង បណ្តាលឲ្យរងរបួស។ ភ្លាមៗនោះ សាច់ញាតិបានបញ្ជូនស្ត្រីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ផ្ទះជនរងគ្រោះ ដើម្បីធ្វើកាស្រាវជ្រាវនៅកន្លែងកើតហេតុ ហើយនៅរសៀលថ្ងៃទី១ ខែធ្នូម្សិលមិញ កម្លាំងជំនាញបានចុះទៅសួរនាំស្ត្រីរងគ្រោះដល់មន្ទីរពេទ្យបង្អែកស្រុក ដើម្បីស្វែងរកការពិត។ សមត្ថកិច្ចបង្ហើបប្រាប់ថា ករណីវាយប្រហារដោយទឹកអាស៊ីតនេះ អាចពាក់ព័ន្ធទៅនឹងការប្រច័ណ្ឌ ដែលបង្កឡើងដោយបុរសជាប្តីរបស់ស្ត្រីរងគ្រោះតែម្តង។
នគរបាលស្រុកកោះសូទិន បញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ នង់ សុខឡេង អាយុ៣៩ឆ្នាំ រស់នៅភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន ចំណែកឯជនជាប់ពាក់ព័ន្ធក្នុងករណីជះទឹកអាស៊ីតនេះ គឺបង្កឡើងដោយបុរសជាប្តីឈ្មោះ សេង ប៊ុនណាត អាយុ៤២ឆ្នាំ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការសាកសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់