ព័ត៌មានបច្ចេកវិទ្យា

បច្ចេកវិទ្យា AI កំពុងត្រូវបានប្រើដើម្បីតាមប្រមាញ់មាតិការំលោភបំពានផ្លូវភេទកុមារលើទំព័រអ៊ីនធើណែត

635889698191071879-177423583

បច្ចេកវិទ្យា AI ឬហៅថា បញ្ញាញាណនិមិត្ត (Artificial Intelligence) កំពុងត្រូវបានប្រើដោយប៉ូលិស អាំងទែប៉ូល និងក្រុមភ្នាក់ងារអនុវត្តច្បាប់ ដើម្បីកំណត់រកមាតិការូបភាព-វីដេអូថ្មីៗស្តីពីការរំលោភបំពានផ្លូវភេទកុមារ ដែលមានការចែកចាយ នៅលើបណ្តាញអ៊ីនធើណែតពីម្នាក់ទៅម្នាក់។

បច្ចេកវិជ្ជាថ្មីនេះ ត្រូវបានអភិវឌ្ឍដោយក្រុមស្រាវជ្រាវអន្តរជាតិ iCOP ក្រោមគម្រោងកម្មវិធីសុវត្ថភាពអ៊ីនធើណែត របស់គណកម្មការអឺរ៉ុប។ តាមគម្រោងនេះ បច្ចេកវិជ្ជាកំណត់អត្តសញ្ញាណកម្មរូបថត Photo DNA របស់ Microsoft ត្រូវបានប្រើដើម្បីកំណត់ដាក់សញ្ញាណសម្គាល់ឌីជីថល លើមាតិការំលោភបំពានផ្លូវភេទកុមារ ដែលជាធម្មតាប្រមែប្រមូល បានក្នុងអំឡុងពេលនៃការស៊ើបអង្កេត កាលពីពេលកន្លងមក។ បន្ទាប់មក ព័ត៌មានមាតិកាទាំងនោះ ត្រូវបានប្រមូលដាក់ក្នុងប្រព័ន្ធទិន្នន័យគោលសកលមួយ និងទុកធ្វើជាគំរូ ដើម្បីកំណត់អត្តសញ្ញាណរូបថត-វីដេអូក្នុងមាតិកាអនឡាញល្មើសច្បាប់ដទៃទៀត ដោយស្វ័យប្រវត្តិ និងក្នុងអំឡុងពេលរុករកទិន្នន័យប្រមូលបានក្នុងការស៊ើបអង្កេតថ្មីៗ។

បច្ចេកវិជ្ជានេះដែរ ក៏ជួយការពារក្រុមមន្រ្តីពីការមិនចាំបាច់រុករកមាតិកាវីដេអូ-រូបភាពដ៏ច្រើនសន្ធឹកសន្ធាប់ លើបណ្តាញអ៊ីនធើណែត ដោយខ្លួនឯង ហើយអាចជួយសន្សំពេលវេលា និងកាត់បន្ថយការប៉ះពាល់របស់ពួកគេ ដល់ប្រភពគ្រោះថ្នាក់ផ្សេងៗផងដែរ។ មិនតែប៉ុណ្ណោះ វាក៏បានផ្តល់ឱ្យភ្នាក់ងារអនុវត្តច្បាប់សកល អាចចែកចាយទិន្នន័យ ស្វែងរកគំរូវីដេអូ-រូបភាពរំលោភបំពានផ្លូវភេទកុមារ និងវែកមុខឧក្រិដ្ឋជន ឬកំណត់អត្តសញ្ញាណជនរងគ្រោះ បានកាន់តែឆាប់រហ័សទៀតផង៕
ប្រភពព័ត៌មាន៖ wired

មតិយោបល់