ព័ត៌មានជាតិ

ផឹកស៊ីទាស់ពាក្យសំដី ទាញកាំបិតកាប់រយះក្បាល

បាត់ដំបង: ផឹកស៊ីជាមួយគ្នា ទាស់ពាក្យសំដីឈានដល់ការប្រើអំពើហិង្សា យុវជនឈាមរាវម្នាក់ទាញកាំបិតកាប់ដំឡូងកាប់បុរសវ័យចំណាស់ម្នាក់រយះក្បាល រងរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាម។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិបឹងស្នួល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

កងរាជអាវុធហត្ថស្រុកកម្រៀងបានបញ្ជាក់ថា មុនពេលកើតហេតុ គឺជនសង្ស័យបានជួបជុំគ្នាផឹកស៊ី ជាមួយនឹងអ្នកភូមិជិតខាង ដែលក្នុងនោះក៏មានជនរងគ្រោះ ឈ្មោះ កឿន ឡូញ  ភេទប្រុស អាយុ៤៦ឆ្នាំ បានចូលរួមផឹកស៊ី អូសបន្លាយពេលតាំងពីព្រឹក រហូតដល់ ថ្ងៃត្រង់ក៏នៅតែមិនទាន់ឈប់ ដោយម្នាក់ៗ ស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន។

នៅពេលនោះជនសង្ស័យឈ្មោះ ចាន់ ថន  ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានប្រាប់ទៅជនរងគ្រោះ ដែលមានវ័យចំណាស់ជាងថា ផឹកប៉ុណ្ណឹងបានហើយ ល្មមទៅសម្រាកហើយ ដោយសារតែផ្ទះរបស់ជនរងគ្រោះនៅក្បែរនោះ ដែលសំដីនេះបានធ្វើឲ្យបុរសវ័យចំណាស់មានការក្តៅឆេវ ទើបបុរសរូបនោះបានងើបទាំងសភាពទ្រេតទ្រោតហើយដើរតម្រង់ទៅផ្ទះ ព្រមទាំងបានស្រែកជេរពីផ្ទះមកវិញ។

នៅពេលនោះដែរ គេសង្កេតឃើញថា  ជនសង្ស័យបានស្រែកទៅវិញថា កុំជេរខ្ញុំ បើហ៊ានជេរទៀតកុំថា ខ្ញុំកាចឲ្យសោះ។ ប៉ុន្តែពេលនោះបុរសវ័យចំណាស់នៅតែជេរជាច្រើនម៉ាត់ថែមទៀត ស្រាប់តែគេឃើញជនសង្ស័យបានស្ទុះងើបទៅទាញយកកាំបិតកាប់មើមដំឡូង ដែលមានប្រវែង៤តឹក ដើរតម្រង់ទៅរកជនរងគ្រោះ កាប់ទៅលើក្បាលតែម្តង  បណ្តាលឲ្យរយះយ៉ាងធ្ងន់ធ្ងរ ដេកដួលសន្លប់នៅទីនោះតែម្តង។

ក្រោយពីបានទទួលព័ត៌មាននេះភ្លាម កម្លាំងបានចេញ ប្រតិបត្តិការទៅកាន់ទីតាំងខាងលើ  ដោយនៅពេលនោះដែរ គឺជនបង្កមិនបានរត់គេចខ្លួនទៅណានោះទេ  ដោយគេនៅឈរដៃកាន់កាំបិតដើរចុះដើរឡើង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកំប្រង់ ក្នុងស្រុកកម្រៀងដើម្បីសង្គ្រោះ ៕

មតិយោបល់