ភ្នំពេញៈ ២នាក់ប្ដីប្រពន្ធ ត្រូវរថយន្តហ៊ីយ៉ាន់ដាយ បើកបុកពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់តែមិនបង្កគ្រោះថ្នាក់ដល់ជីវិត ខណៈកំពុងជិះម៉ូតូឌុបគ្នាបម្រុងទៅផ្ទះ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅរង្វង់មូលដីក្រហម ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះជាប្ដីមានឈ្មោះ ស៊ឹម ឆេន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ និងប្រពន្ឋមានឈ្មោះ ព្រឿង រ៉េត អាយុ៥៧ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិជើងកើប ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FR-0232។ ចំណែកអ្នកបើកបររថយន្ដមានឈ្មោះ យី សែ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-5576។
បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គឺជនរងគ្រោះប្ដីប្រពន្ធទាំង២នាក់ បានជិះម៉ូតូឌុបគ្នាពីតាខ្មៅ តាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុរង្វង់មូលដីក្រហម រូបគាត់ក៏បម្រុងបត់ឆ្វេងទៅត្បូង ផ្លូវជាតិលេខ២ តែមិនទាន់នឹងបត់ផង ក៏ស្រាប់តែរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ បើកមកពីក្រោយហើយបម្រុងបត់ស្ដាំទៅជើងផ្លូវ២១៧ និងមិនបានប្រយ័ត្នក៏ជ្រុលបុកម៉ូតូពីក្រោយពេញទំហឹងតែម្ដង បណ្ដាលឲ្យជនរងគ្រោះរងរបួសបាក់ជើងទាំងពីរនាក់ របួសធ្ងន់។ ចំណែកឯម៉ូតូគៀបជាប់នៅក្រោមរថយន្តបង្កធ្វើឲ្យរថយន្តមិនអាចបន្តទៅមុខបាន។
ក្រោយពីកើតហេតុភ្លាមៗអ្នកបើករថយន្ដបានបើកទ្វារបម្រុងរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចប្រចាំគោលដៅនៅទីនោះ ចុះអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗហើយយកទៅប៉ុស្ដិ៍រលួសដើម្បីសួរនាំ។ ចំណែកជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យរុស្ស៊ី។
ចំណែកម៉ូតូ និងរថយន្ដត្រូវបានយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នាពេលក្រោយ ។ គួររំលឹកដែរថានៅតំបន់រង្វង់មូលដីក្រហមនោះបងប្អូនប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថារថយន្ដធន់ធំទាំងនោះតែងតែបើកបរលឿនៗ ដោយមិនគោរពអ្នកណានោះទេ៕
https://youtu.be/BxIzD8UhqfQ
មតិយោបល់