ទឹកផ្លែមឺឡុង (Melon ឬ Cantaloup) ដែលមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតករមួយប្រភេទ ត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍និងការនឿយហត់។ នេះបើយោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របារាំង។
ផ្លែមឺឡុងមានផ្ទុកនូវសារធាតុគីមី SOD (Superoided dismutaseenzymes) ដែលធ្វើឲ្យរោគសញ្ញានៃអាការតានតឹងផ្លូវកាយ និងចិត្តឲ្យប្រសើរឡើង និងធ្វើឲ្យខួរក្បាលដំណើរការល្អ។
ការទទួលទានទឹកផ្លែមឺឡុង អាចជួយកាត់បន្ថយភាពរសាប់រសល់ធ្វើឲ្យការទទួលទានដំណេកបានលក់ស្កប់ស្កល់ និងលើកកម្ពស់ផ្នែកស្មារតីផងដែរ។
យោងតាមអ្នកស្រីវេជ្ជបណ្ឌិត ម៉ារី អានមីឡេស៊ី (Marie-AnneMilesi) ដែលដឹកនាំការសិក្សានេះបានឲ្យដឹងថា អ្នកជំងឺដែលបានទទួលទាន SOD មានការធូរស្បើយពីភាពតានតឹង និងការនឿយហត់អស់កម្លាំង ដោយសារ SOD សម្បូរទៅដោយវីតាមីន ដែលជំរុញឲ្យសរីរាង្គមនុស្សផលិតសារធាតុប្រឆាំងនឹងអុកស៊ីតករដោយខ្លួនឯង។
សារធាតុប្រឆាំងអុកស៊ីតករបែបនេះច្រើនមាននៅក្នុងផ្លែមឺឡុង ឬត្រសក់ស្រូវក្រអូបបរទេស។
ការទទួលទានពពួកផ្លែឈើខាងលើ ក៏អាចកាត់បន្ថយកម្រិតជាតិកូឡេស្ដេរ៉ូល ការពារមិនឲ្យសរសៃឈាមបេះដូងរឹង និងជួយសម្រកទម្ងន់ផងដែរ។
ពពួកផ្លែឈើទាំងនេះមានសម្បករលោង ឬគ្រើម និងមានសាច់សបៃតងខ្ចី និងលឿង។ ផ្លែមឺឡុង មានរសជាតិផ្អែមសាបៗ ហើយសាច់របស់វាស្រួយ គួរឲ្យចង់ទទួលទាន។ ជាទូទៅ គេច្រើនបរិភោគវាស្រស់ៗ ឬក្លាស្សេឲ្យត្រជាក់មុននិងបរិភោគ។ វាច្រើនមានលក់នៅតាមបណ្ដាផ្សារទំនើបនានា៕
មតិយោបល់