ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការបាញ់កាំជ្រួចខ្នាតធំ ខុសបច្ចេកទេសបណ្តាលឲ្យខ្ទាតចំភ្ញៀវទេសចរចាស់ក្មេង៣នាក់ ដែលកំពុងកម្សាន្តនៅលើឆ្នេរអូរឈើទាល បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៤៥នាទី យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចតូបលេខ៩១១ឆ្នេរអូរឈើទាល ភូមិ៨ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់កាំជ្រួចខ្នាតធំ ខុសបច្ចេកទេស ខាងលើនេះបានបណ្តាលឲ្យខ្ទាតប៉ះចំជនរងគ្រោះចំនួន៣នាក់រងរបួស ទី១មានឈ្មោះ ហ៊ុន ច្រឹន អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅស្រុកឈូក ខេត្តកំពត របួសបែកក្រដាស់ត្រចៀក។ ទី២ឈ្មោះ ហ៊ុន ហ៊ន អាយុ២៨ឆ្នាំ ត្រូវជាបងប្អូនបង្កើត ជនរងគ្រោះទី១ មានទីលំនៅដូចគ្នា របួសស្រាល និងជនរងគ្រោះទី៣ឈ្មោះ អន ម៉ាន់ដាណី ភេទប្រុស អាយុ៣ឆ្នាំ រងរបួសធ្ងន់ត្រូវដៃលើស្មាខាងស្តាំ មានទីលំនៅរាជធានីភ្នំពេញ។
ក្រោយពីមានហេតុការណ៍នេះរួចមក កម្លាំង អាវុធហត្ថដែលបានចុះល្បាតនៅជិតនោះ បានជួយអន្តរាគមន៍ភ្លាមៗ និងបានបញ្ជូនជនរងគ្រោះ មកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ (ពេទ្យចំការចេក) ប៉ុន្តែដោយសារអាការៈជនរងគ្រោះរងរបួសធ្ងន់ ទើបអាណាព្យាបាលជនរងគ្រោះបានសម្រេចចិត្ត បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញវិញ។
សូមបញ្ជាក់ផងដែរថា ចំណោះហេតុការណ៍ខាងលើនេះ គឺបណ្តាលពី បាញ់កាំជ្រួចខ្នាតធំ ខុសបច្ចេកទេស ទើបបណ្តាលឲ្យផ្ទុះប៉ះចំភ្ញៀវទេសចរដែលកំពុងកម្សាន្តបណ្តាលឲ្យរងរបួសធ្ងន់និងស្រាលបែបនេះ ៕
មតិយោបល់