ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីបានសម្រេចយកថ្ងៃសម្តេចត្រូវបានតែងតាំង ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់ជួបមេៗអ្នកកាសែត ដើម្បីសួរសុខទុក សំណេះសំណាលនិងពិសារអាហារសាមគ្គី ជាមួយគ្នា ជារៀងរាល់ឆ្នាំ។
លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ដែបានធ្វើឡើងនាថ្ងៃទី៣ឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
លោករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ទៀតថា សម្តេចនាយករដ្ឋមន្រ្តីបានទទួយកថ្ងៃដែលសម្តេចត្រូវបានតែងតាំងជា នាយករដ្ឋមន្រ្តី (១៤មករា) ដើម្បីជួបជាមួយអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំនេះគឺបានឯកភាពយកថ្ងៃក្រោយការប្រទូសរ៉ាយគ្នា ឆ្នាំ១៩៩៧ បន្ទាប់ពីសម្តេចបានដឹកនាំប្រទេស និងបានប្រកាសពីគោនយោបាយ ៨ ខ មានគោលនយោបាយ បញ្ឈប់ ការកាប់ព្រៃឈើជាដើម ។ ដូច្នេះថ្ងៃណាត់ជួបអ្នកកាសែតឆ្នាំនេះ អាចនិយាយបានថាក្នុងអំឡុងខែសីហាឆ្នាំ២០១៦។
ជាមួយគ្នានោះលោករដ្ឋមន្រ្តីស្នើឱ្យអ្នកកាសែត និងសង្គមស៊ីវិលគោរពច្បាប់និងវិជ្ជាជីវៈរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ដោយលោកលើកឡើងថា “បច្ចុប្បន្នយើងចូលដល់ដំណាក់ការអនុវត្តច្បាប់ហើយដូច្នេះអ្នកសារព័ត៌មានក្តី អង្គការសង្គមស៊ីវិលក្តីត្រូវតែគោរពច្បាប់ បើសិនជាសរសេរមានការចោទប្រកាន់គឺគេអនុវត្តច្បាប់ហើយ”។
លោកបញ្ជាក់ទៀតថា សេរីភាពអ្នកសារព័ត៌មានកម្ពុជាកំពុងត្រូវបានលើកកម្កើងខ្ពស់ បើធៀបទៅគឺខុសគ្នាពីឆ្នាំ២០១៥ ពោលគឺអ្វីៗដែលខុសពីការពិតគឺត្រូវមានប្រតិកម្មតប ព្រោះយើងជាសង្គមប្រជាធិបតេយ្យការយល់ឃើញ ការបញ្ចេញមតិគឺត្រូវផ្អែកលើមូលដ្ឋានច្បាស់លាស់។
សូមបញ្ជាក់ថា ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានប «សិទ្ធិទទួលបានព័ត៌មាន គឺជាសិទ្ធិរបស់អ្នក» ដែលបានធ្វើនៅថ្ងៃទី៣ឧសភា ដោយអង្គការ OHCHR ដេប៉ាដឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមន៍ វិទ្យានសារគមន៍កម្ពុជា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្លិបអ្នកកាសែតកម្ពុជា មណ្ឌលព័ត៌មានស្រ្តីកម្ពុជា និងសមាគមន៍កម្ពុជាការពារអ្នកកាសែត៕
មតិយោបល់