ព័ត៌មានជាតិ

ជិះម៉ូតូដល់ផ្លូវបែកជា៤ត្រូវរថយន្តFord បុកមនុស្ស២នាក់ហោះដូចចំបើងស្លាប់សិស្សសាលាម្នាក់និងរងរបួសធ្ងន់ម្នាក់

ស្វាយរៀង: មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់និងស្លាប់ដោយសារជិះម៉ូតូមិនគោរពសិទ្ធិអាទិភាពដល់ផ្លូវបែកជាបួនត្រូវរថយន្តFord Rangerបុកពេញទំហឹង ។កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃ ទី១៥ ខែ កុម្ភ: ឆ្នាំ ២០២០នៅលើផ្លូវបំបែកលេខ ២០៩ ស្ថិតក្នុងភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុមាន រថយន្ដមួយគ្រឿងម៉ាក Ford Ranger ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2AI.5746 បើកបរ ដោយស្ត្រីម្នាក់មានឈ្មោះ តែ ឆៃយ៉ា ភេទ ស្រីអាយុ៣៧ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ ២ ឃុំកំពង់ស្វាយ ស្រុក សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្វើដំណើរពីជើងទៅត្បូង។

ប្រភពបានបន្តទៀតថាលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1O 7556មានឌុបគ្នា២នាក់ ដែលបើកបរដោយ ឈ្មោះ ឈួ សុខផេង ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ព្រៃញយ ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងធ្វើដំណើរពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់និងអ្នករួមដំណើរម្នាក់មានឈ្មោះ សារឿន ស្រីភាស់ ភេទ ស្រី អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ លុះស្អែកឡើងបានស្លាប់។

ក្រោយជួបគ្រោះអ្នកបើកបររថយន្តចុះរត់គេចពីកន្លែងកើតហេតុ បន្សល់ទុកនូវរថយន្ដខូចខាតធ្ងន់ទាំងកណ្តាលផ្លូវរីឯអ្នករបួសទាំង២នាក់ត្រូវបានប្រជឋពលរដ្ឋនិងសមត្ថកិច្ចជួយនាំទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
ហើយមធ្យោបាយទាំងយករក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

 

មតិយោបល់