ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ស្លាប់ម្នាក់ភ្លាមៗនៅសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ៖ មនុស្សម្នាក់បានស្លាប់បាត់បងជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្លូវរទេះភ្លើង តាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះខាន ហេ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្ដុំផ្សារចិងណាន មានស្រុកកំណើតនៅភូមិថ្មពាង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខព្រៃវែង 1B-4189 បានបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវរត់ភ្លើងដែលជាផ្លូវបំបែកគាត់បានបត់ឆ្វេងឆ្លងផ្លូវគោលបំណងទៅកាន់ផ្ទះស្នាក់នៅ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CL-1322 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុបានបុកជាមួយនិងជនរងគ្រោះផ្លោងប៉ើងជាង៥ម៉ែត្របណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទៅនិងថ្នល់ស្លាប់នៅកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុភ្លាមៗជនបង្កបានរត់គេចខ្លួនបាត់ស្រមោល៕

   
    
   

មតិយោបល់