ព័ត៌មានជាតិ

FZ លឿនពេកគេចមិនទាន់បុករថយន្តជនជាតិចិនពេញទំហឹង រងធ្ងន់ដោយខ្លួនឯង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូFZ បើកក្នុងល្បឿនលឿន លុះមកដល់ផ្លូវបែកជាបួន មិនបង្អន់ល្បឿន ក៏បុករថយន្តហាយទ្បែនឌ័រ ពេញទំហឹងបណ្តាលឲ្យបុរសជាអ្នកម៉ូតូរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង ១២និង២៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៤៣២ កែង១០៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហាយទ្បែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AL-6380 បើកបរដោយបុរសជាជនជាតិចិនម្នាក់ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណ:នោះស្រាប់តែឃើញម៉ូតូម៉ាកFZ មួយគ្រឿងពណ៌សលាយក្រហម ពាក់ស្លាកលេខ
ភ្នំពេញ 1BL-1321 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុដោយសារតែម៉ូតូបើកក្នុងល្បឿនលឿនពេកគេចរថយន្តមិនទាន់ ក៏បានបុកចំផ្នែកចំហៀងខាងឆ្វេងនៃរថយន្តពេញទំហឹង បណ្តាលឲ្យបុរសម្នាក់សន្លប់ស្កូកស្តឹងនៅនឹងកន្លែងកើតហេតុត្រូវបានរថយន្តសង្គ្រោះបន្ទាន់យកទៅកាន់មន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានធ្វើការវាស់វែងនឹងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមនដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយបន្តទៀត៕

មតិយោបល់