ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម

ភ្នំពេញៈ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួន បុរស២នាក់ និងស្ត្រីម្នាក់ ដោយសង្ស័យពាក់ព័ន្ធទទួលផលចោរកម្ម។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅបន្ទប់ជួលលេខ១៣ ក្រុម១ ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ លាង តារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅបន្ទប់ជួលលេខ១៣ ក្រុម១ភូមិច្រេសសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ ទី២ ឈ្មោះ សារី រតនា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរបុគ្គលិកអង្គការ ស្នាក់នៅភូមិត្រពាំងចិកសារ ឃុំកំពង់ឆ្នាំ ស្រុកកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំ។ ទី៣.ឈ្មោះ សារី ណារិន ភេទស្រី អាយុ២១ឆ្នាំ ជានិស្សិត ស្នាក់នៅភូមិត្រពាំងចិកសារ ឃុំកំពង់ឆ្នាំ ស្រុកកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនឈានដល់ការបង្ក្រាបទីតាំងខាងលើនេះ ខណៈដែលកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញចាប់បានជនសង្ស័យជាចោរប្លន់ម្នាក់ ហើយជនសង្ស័យបានសារភាពថា ម៉ូតូដែលប្លន់បានយកមកលក់ឲ្យឈ្មោះ លាង តារ៉ា នេះ។ ទើបកម្លាំងនាំជនសង្ស័យមកចង្អុលដល់ទីតាំងខាងលើនេះ និងឃាត់ខ្លួនបានមនុស្ស៣នាក់ស្ត្រីម្នាក់តែម្ដង។

ករណីខាងលើនេះ សមត្ថកិច្ចធ្វើការឆែកឆេរបន្ទប់ជួលរកឃើញ និងធ្វើការដកហូតម៉ូតូ៤គ្រឿង ទី១គ្រឿងម៉ាកឃ្លីច ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AE-9855 ទី២ម៉ាកវីវ៉ា ពណ៌ក្រហម ស្លាកលេខភ្នំពេញ1O-2277 ទី៣ម៉ាកអាយខុនពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1BG-3182 និងទី៤ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ កំពង់ឆ្នាំ 1E-8498 ព្រមទាំងដកហូតស្លាកលេខម៉ូតូ៥ស្លាក និងគ្រឿងបន្លាស់ម៉ូតូមួយចំនួនធំផងដែរ។

តាមការរៀបរាប់ស្ត្រីឈ្មោះ សារី ណារិន បានប្រាប់ថា នាងនិងបងប្រុស ឈ្មោះ សារី រតនា មិនមានអ្វីជាប់ពាក់ព័ន្ធនឹងករណីខាងលើឡើយ គឺបងប្អូននាងគ្រាន់តែមកលេងបន្ទប់ជួលឈ្មោះ លាង តារ៉ា ប៉ុណ្ណោះពីព្រោះជាអ្នកស្គាល់គ្នា ខណៈកំពុងអង្គុយនិយាយគ្នាលេង ស្រាប់តែឃើញសមត្ថកិច្ចមកដល់តែម្តង។

តែទោះជាយ៉ាងណាករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំ៣នាក់និងវត្ថុតាងយកទៅធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញសិន៕

photo_2016-12-04_08-01-05photo_2016-12-04_08-01-03photo_2016-12-04_08-01-04

មតិយោបល់