ព័ត៌មានជាតិ

លួចគេហើយ ថាមិនលួចទៀត! បាត់រថយន្តជិត១ខែ ទើបតែរកឃើញ

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើការឃាត់ខ្លួនសង្ស័យជាពាក់ព័ន្ធនឹងករណីលួចរថយន្ត។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិ អន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ សុផល អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ។ ចំណែកម្ចាស់រថយន្តឈ្មោះ ម៉ម សុខ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជួសជុលរថយន្តស្នាក់នៅឃ្លាំងលេខ ១០៨ ផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកទឹក ខណ្ឌសែនសុខ។

ម្ចាស់រយន្តបានឲ្យដឹងថា កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមរយៈកាម៉េរាសុវត្ថិភាពគាត់បានឃើញជនសង្ស័យបានលួចរថយន្តរបស់គាត់ម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-1461 ដែលគាត់ចតទុកនៅមុខឃ្លាំង។ ក្រោយពីបាត់រថយន្តគាត់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផងដែរ។

បើតាមឈ្មោះ ខុន ឌឿន ជាមន្ត្រីអាវុធហត្ថម្នាក់បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺមានគេទំនាក់ទំនងមកគាត់ឲ្យជួយរកម៉ូយទិញរថយន្ត ក្រោយពីគាត់ស្តាប់ការរៀបរាប់របស់ជនសង្ស័យដូចភិនភាគរថយន្ត ដែលបងប្អូនគាត់បាត់ ក៏បានរាយការណ៍ជូនសមត្ថកិច្ច និងបានរៀបចំផែនការក្របួចបាននៅទីតាំងខាងលើតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយបដិសេធថា មិនបានលួចទេ គាត់គ្រាន់តែត្រូវគេឲ្យជួយបើកយកមកលក់ឲ្យប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរបន្ថែមប៉ុស្តិ៍ទឹកថ្លា និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

photo_2016-12-04_08-10-59photo_2016-12-04_08-10-58

មតិយោបល់