ព័ត៌មានជាតិ

ពីរនាក់ប្តីប្រពន្ធចូលបត់ជើងតូច ជាន់ដានជនសង្ស័យ ចេញមកវិញ ប៊ិះទក់សាច់

ភ្នំពេញៈ ពិតជារឿងមួយដែលដឹងស្មានមិនដល់ ខណៈដែលប្ដីប្រពន្ធ២នាក់ ធ្វើដំណើរចេញពីធ្វើការ ហើយឈឺបត់ជើងតូច ក៏ចូលទៅបត់ជើង ពេលចេញមកវិញ ស្រាប់តែលេចមុខក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៦នាក់ ទាញដំបងដេញវាយដោយមិនដឹងមូលហេតុ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅផ្លូវលំភូមិដំណាក់ ចំណុចសំណង់បូរី គិតឈឿន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះជាប្តីមានឈ្មោះ ជួន វាសនា អាយុ២៦ឆ្នាំ មុខរបរលាងម៉ូតូ រីឯប្រពន្ធឈ្មោះ ម៉ាន់ អៃសាក់ អ្នកទាំង២នាក់ ស្នាក់នៅភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ជនរងគ្រោះទាំង២នាក់បានឲ្យដឹងថា ខណៈពួកគាត់ជិះម៉ូតូម៉ាក Honda Dream ប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1BM-0998 បានជិះម៉ូតូឌុបគ្នាចេញពីកន្លែងលាងម៉ូតូ មកដល់ចំណុចខាងលើ ក៏ឈឺបត់ជើងតូច ហើយបានចុះទៅរកកន្លែងគួរសម ភ្លាមៗនោះក៏មានក្រុមក្មេងស្ទាវមួយក្រុម ជាកម្មករសំណង់កាន់ដំបងគ្រប់ដៃ ឃើញបែបនោះក៏នាំគ្នាឡើងជិះម៉ូតូទៅប្តឹងសមត្ថកិច្ចក្រាំងធ្នង់ជួយ អន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម នគរបាលប៉ុស្តិ៍ក្រាំងធ្នង់ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ក្រាំងធ្នង់មិនបង្អង់យូរ បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង៦នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍។

តាមចម្លើយសារភាពរបស់ក្រុមក្មេងស្ទាវទាំង៦នាក់ថា មូលហេតុដែលពួកគេកាន់ដំបងគ្រប់ដៃដើរសំដៅទៅទីតាំងនោះ ព្រោះមុនពេលកើតហេតុបន្តិច មានបុរស២នាក់ ជិះម៉ូតូដេញប្អូនស្រីគាត់ពីក្រោយបម្រុងចាប់រំលោភ ឮបែបនេះក្រុមកម្មករសំណង់ ក៏នាំគ្នាកាន់ដំបងមកទីតាំងខាងលើក្នុងគោលបំណងស្វែងរកបុរស២នាក់នោះ ស្រាប់តែមកជួប២នាក់ប្តីប្រពន្ធ២នាក់នេះទៅវិញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងស្ទាវដែលឃាត់ខ្លួនមកសួរនាំនោះ ៖

ទី១ ឈ្មោះ សំ ផល្លា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់។

ទី២ ឈ្មោះ ផាន់ វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់។

ទី៣ ឈ្មោះ ស៊ុន រី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់។

ទី៤ ឈ្មោះ លឹង ហៀប ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់។

ទី៥ ឈ្មោះ អ៊ាន ប្រុស ភេទប្រុស អាយុ ២០ មុខរបរកម្មករសំណង់។

ទី៦ ឈ្មោះ កូវ ឌី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់។ ជនសង្ស័យទាំង៦នាក់ស្នាក់នៅ ចំណុចសំណង់បូរី គិតឈឿន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ននគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់កំពុងធ្វើការសាកសួរបន្ថែមទៅលើភាគីទាំងសងខាង៕

photo_2016-12-04_08-45-29photo_2016-12-04_08-45-26photo_2016-12-04_08-45-27photo_2016-12-04_08-45-28

មតិយោបល់