ភ្នំពេញៈ ពាក្យចាស់លោកពោលថា រពឹសដៃផ្ទៃឆ្អែត តែបើរពឹសខុសរឿងវានាំទុក្ខដល់ខ្លួនមិនខាន ជាក់ស្តែងបុរសម្នាក់អាងខ្លួនជាមន្ត្រីយោធា ចូលហាងផឹកស៊ីស្រវឹងដៃដូចមឹក លូកស្ទាបប្រដាប់ភេទនារីគិតលុយម្នាក់ ខណៈពេលដែលនាងដើរទៅគិតលុយឲ្យ ត្រូវបាននារីរងគ្រោះស្រែកឆោឡោចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងហាង មនោរម្យត្រជាក់ចិត្ត លក់គ្រឿងក្លែមគ្រប់មុខ ស្ថិតតាមបណ្ដោយផ្លូវសេ៧ ស្ថិតក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ រ.ស.វ.រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ អ្នកគិតលុយ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យខាងលើមានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាមន្រ្តីយោធា ផ្នែកផ្ដល់ព័ត៌មាននៃការិយាល័យទី២ ស្នាក់នៅផ្ទះលេខ២ ផ្លូវលំ ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីឈ្មោះ គាំង ចិន្ដា ភេទស្រី អាយុ២១ឆ្នាំ មុខរបររត់តុ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានចូលទៅហាងខាងលើដើម្បីផឹកស៊ីតែម្នាក់ឯង រហូតដល់គាត់ផឹកស្រាប៊ៀរអស់២កញ្ច្រែង សរុប១២កំប៉ុង ក៏មានមិត្តភក្ដិរបស់គាត់២នាក់ប្ដីប្រពន្ធ បានមកផឹកជាមួយ។ ក្រោយមកពេលផឹកស៊ីរួចហើយនោះ ស្រាប់តែជនបង្កបានដើរទៅយកម៉ូតូដែលដាក់នៅនឹងចំហៀងហាង តែរូបគាត់មិនទាន់គិតលុយនៅឡើយ ទើបនារីរងគ្រោះនិងនាង ដែលធ្វើការជាមួយគ្នា បានដើរទៅប្រាប់ជនសង្ស័យ ថាគាត់ពុំទាន់គិតលុយនោះទេ ពេលនោះជនរងគ្រោះទៅប្រាប់ចំនួនទឹកប្រាក់ ដែលគាត់ពុំទាន់គិតនោះគឺមានចំនួន១១២,០០០រៀល ដែលត្រូវចំណាយ ពេលនោះជនសង្ស័យបានឆ្លើយថាមិនអីទេ។ ស្រាប់តែបន្តិចក្រោយមកជនសង្ស័យបានរត់ទៅយកដៃបៀតបៀនកេរ្ត៍ខ្មាស់នារីរងគ្រោះតែត្រូវបាននារីរងគ្រោះគេចចេញ តែបែរជាជនសង្ស័យខាងលើរត់មកធ្វើសកម្មភាពនេះដដែលម្តងទៀត ទើបនារីរងគ្រោះទ្រាំនឹងទង្វើអសីលធម៌បែបនេះមិនបាន ក៏រត់ទៅប្រាប់ម្ចាស់ហាងឲ្យរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានចុះមក អន្តរាគមន៍ និងឃាត់ជនសង្ស័យខាងលើ យកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មីតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនយកទៅអធិការដ្ឋានខណ្ឌសែនសុខឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់