ព័ត៌មានជាតិ

នគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុដដោយខុសច្បាប់

ព្រះសីហនុ : យោងតាផេក អអ្គស្នងការស្ឋាននគរបាលជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុដដោយខុសច្បាប់ នៅកាស៊ីណូមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។

កម្លាំងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២នឹង ២០នាទី ថ្ងៃត្រង់ មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុចមុខក្លឹបកម្សាន្ត អូស្កា ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធ មួយកើតឡើង បង្កដោយមនុស្ស ១ក្រុម មានគ្នា ៥នាក់ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះរថយន្តចំនួន ២គ្រឿង រត់គេចខ្លួនបាត់ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងកើតហេតុ រកឃើញសំបកគ្រាប់កាទុសចំនួន ៥គ្រាប់ បន្សល់ទុកនៅកន្លែងកើតហេតុ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចបន្តការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ភេទប្រុស (ជនជាតិខ្មែរ ១នាក់ និងជនជាតិចិន ៣នាក់) នៅកាស៊ីណូ មួយកន្លែង ស្ថិតក្នុង ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ អាវុធខ្លី ១ដើម ម៉ាក Sigsauer P365 មានលេខសម្គាល់ 66A985948 (បង់ ២ មាន១៤គ្រាប់), សំបកគ្រាប់កាទុស ៥គ្រាប់, រថយន្ត ២គ្រឿង ១គ្រឿង ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-8726 និង ១គ្រឿង ទៀត ម៉ាក Peugot ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2E-8998។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំ និងស្វែងរកបក្ខពួកដែលកំពុងរត់គេចខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់