ភ្នំពេញៈ ដោយមានកិច្ចសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងអង្គការជួយជនចាស់ជរាអន្តរជាតិ និងទទួលបានជំនួយឧបត្ថម្ភជាថវិកាពីជំនួយពិសេសសហប្រតិបត្តិការអាស៊ាន-កូរ៉េ (ASEAN-ROK Special Cooperation Fund) និងសហគមន៍អឺរ៉ុប ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ានស្តីពីការលើកកម្ពស់សមាគមន៍មនុស្សចាស់ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប។
សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋាភិបាលអាស៊ាន អ្នកធ្វើគោលនយោបាយ អ្នកស្រាវជ្រាវជាន់ខ្ពស់ អ្នកជំនាញៗ តំណាងអង្គការជាតិ អន្តរជាតិ តំណាងសមាគមន៍មនុស្សចាស់ និងអ្នកពាក់ព័ន្ធសរុបប្រមាណជាជិត១០០នាក់ ដែលរៀបចំឡើងក្នុងគោលបំណងផ្តល់នូវវេទិការសម្រាប់អ្នកចូលរួមទាំងអស់ ធ្វើការចែករំលែកបទពិសោធន៍ ការអនុវត្តន៍ល្អៗ និងចំណេះដឹងជាច្រើនក្នុងការបង្កើតគ្រប់គ្រង និងដំណើរការសមាគមន៍មនុស្សចាស់ក្នុងបរិបទផ្សេងៗគ្នា។
សូមបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះដែលត្រូវរៀបចំសិក្ខាសាលានេះ កម្ពុជានឹងធ្វើការចែករំលែកអំពីការប្តេជ្ញាចិត្តក្នុងការបង្កើតសមាគមន៍មនុស្សចាស់ដែលជាយន្តការយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពមនុស្សចាស់នៅក្នុងប្រទេស តាមរយៈបទពិសោធន៍ក្នុងការងារនេះជាង១០ឆ្នាំកន្លងទៅ ដែលសម្រេចបានក្នុងការបង្កើតប្រមាណ៥០០សមាគមន៍មនុស្សចាស់ នៅតាមបណ្តាខេត្ត-រាជធានី ចំនួន១៥ និងគ្រោងធ្វើឲ្យសម្រេចបាននូវការបង្កើតចំនួន១,១២៣ សមាគមន៍មនុស្សចាស់បន្ថែមនៅគ្រប់ឃុំ សង្កាត់នៅទូទាំងប្រទេសនៅត្រឹមឆ្នាំ២០១៧ សំដៅឆ្លើយតបគោលដៅនៃការបង្កើតសមាគមន៍មនុស្សចាស់ សរុប១,៦៣៣ គ្រប់ឃុំ សង្កាត់ទូទាំងប្រទេស៕
មតិយោបល់