ព័ត៌មានជាតិ

ព្រលឹងចុងសក់! កុងតឺន័រសង្ស័យតៃកុងងងុយដេកបើកបុករះរថយន្ត ម៉ូតូ និងផ្ទះប្រជាពលរដ្ឋ របួសស្រាល៤នាក់​

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យព្រឺក្បាលមួយ ដែលបង្កឡើង ដោយរថយន្តកុងតឺន័ររបស់ក្រកុមហ៊ុន EL បានបុករះរថយន្តឈ្នួលមួយគ្រឿង ដែលកំពុងចតដាក់ម៉ូយខ្ទាតប្រមាណជាង10ម៉ែត្រ និងប៉ះម៉ូតូអ្នកលក់ពងទា ដែលកំពុងធ្វើដំណើរឆ្លងកាត់ ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បន្តទៅបុកចូលក្នុងផ្ទះ ហើយទៅមុខលែងរួច។

គ្រោះថ្នាក់នេះ បានកើតឡើងពីវេលាម៉ោង៨ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចច្រកចូលសាលាសុវណ្ណាភូមិផ្លូវជាតិលេខ3 ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កពាក់ស្លាកលេខព្រះសីហនុ 4A-1860 បើកបរដោយុវជនម្នាក់ឈ្មោះ ទុយ ចាន់ធួន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិល្វៀ ឃុំកន្តោដុំ ស្រុកច្បារមន ខេត្តកំពុងស្ពឺ។ ចំណែករថយន្ត និងម៉ូតូ ដែលរងការខូចខាត ទី១រថយន្តឈ្នួលម៉ាកតូរីសស្លាកលេខភ្នំពេញ 2AD-5121 ធ្វើដំណើរពីខេត្តតាកែវមកភ្នំពេញមានអ្នកដំណើរនៅក្នុងរថយន្តចំនួន៨នាក់ រីឯម៉ូតូលក់ពងទាបើកបរដោយបុរសម្នាក់ឈ្មោះ អៀរ នឿន អាយុ៣៧ឆ្នាំ មុខរបរអ្នកលក់ពងទា ស្នាក់ផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើរនៅស្រុកត្រាំកក់ ខេត្តតាកែវ។

អ្នកឃើញហេតុការណ៍នោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តកុងតឺន័របង្កបានបើកពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតឆ្លងផ្លូវទៅបុករថយន្តឈ្នួលដែលកំពុងចតដាក់ម៉ូយខ្ទាតទៅបុកម៉ូតូមួយគ្រឿង ដែលកំពុងធ្វើដំណើរ និងបុករថយន្តដែលចតនៅមុខផ្ទះមួយគ្រឿងទៀត បណ្តាលឲ្យបើកម៉ូតូនោះ លោតចេញទើបផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុកទៅមុខទៀតប្រមាណជា៥ម៉ែត្រ ក៏វ៉ាក់អើរថយន្តមួយគ្រឿងផ្សេងទៀត ហើយក៏រេចង្កូតទៅបុកចូលក្នុងផ្ទះប្រជាពលរដ្ឋទៅមុខលែងរួចតែម្តង។ ក្រោយកើហេតុ តៃកុងរថយន្តបានព្យាយាមរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យអ្នកក្នុងរថយន្តឈ្នួលរងបួសស្រាល៤នាក់ រថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ និងសម្ភារៈមួយចំនួនធំក៏រងការខូចខាតផងដែរ។

ក្រោយកើតហេតុអ្នកបើករថយន្តកុងតឺន័រ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលចោមចៅបណ្តោះអាសន្ន ។ ចំណែកនៅកន្លែងកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង ដើម្បីរង់ចាំការដោះស្រាយបន្ត៕

https://youtu.be/PqoANOiLjo0

មតិយោបល់