ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីនារីម្នាក់ ត្រូវបានឃាតកបាញ់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងបន្ទប់លេខ៤០៤ ក្នុងផ្ទះសំណាក់យីហោ សារីធ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២៧៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្រ៊ុន ស្រីលក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំអង្គមាស ស្រុកដងទង់ ខេត្តកំពត ត្រូវឃាតករ បាញ់ប្រហារចំភ្នែកធ្លាយទៅខាងក្រោយ ស្លាប់ក្នុងថ្លុកឈាមលើពូកក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ។
ចំណែកជនសង្ស័យជាឃាតកត្រូវបានគេស្គាល់ឈ្មោះ សេង ដារ៉ា អត្តលេខ ០៧២០ ជាមន្ត្រីការិយាល័យឥស្សរិយយស-អ.រ.ស ដោយបានប្រហែសជ្រុះស្លាកសម្គាល់ឈ្មោះនៅកន្លែងកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីកើតហេតុភ្លាមៗនារីរងគ្រោះខាងលើត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែបានស្លាប់មុនទៅដល់ទៅហើយ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាឃាតកខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកមូលហេតុដែលបណ្តាលឲ្យមានការបាញ់សម្លាប់នារីខាងលើ គេនៅមិនទាន់ដឹងនៅឡើយទេ ព្រោះសមត្ថកិច្ចជំនាញកំពុងតែធ្វើការពិនិត្យនិងស្រាវជ្រាវបន្ត៕
https://youtu.be/tc9pBjrlTU0
មតិយោបល់