ព័ត៌មានជាតិ

បើកបុករថយន្តកុងតឺន័រ និងជញ្ជាំងផ្ទះល្វែង២កន្លែង ខ្ទេចរថយន្តទៅមុខលែងរួច

ភ្នំពេញ: រថយន្តម៉ាកកាមរីឆ្លាម១គ្រឿង រងការខូចខាតខ្ទេចទាំងស្រុងក្លាយទៅជាដែកអេតចាយ ដោយសារតែបានបើកក្នុងល្បឿនលឿនទិសដៅពីកើតទៅលិចហើយបានជ្រុលទៅ បុកពីក្រោយរថយន្តដឹកកុងតឺន័រ១គ្រឿងទៀត ដែលកំពុងបើកបរស្របទិសគ្នា។ ប៉ុន្តែមិនបានបណ្ដាលឲ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្នកបើកបររថយន្តកាមរីឆ្លាមនេះ មិនព្រមឈប់ដោះស្រាយគ្នា បានព្យាយាមបើករត់គេចខ្លួន ដោយបើកថយក្រោយក្នុងទិសដៅពីជើងទៅត្បូងវិញចូលទៅក្នុងបុរីពិភពថ្មីនៅជិតនោះ ក៏បានរេចង្កូតជ្រុលទៅបុកជញ្ជាំងផ្ទះ ល្វែងមួយនៅខាងឆ្វេងដៃ បណ្ដាលឲ្យរថយន្តនោះ ក្រពឹតរួញខ្ទេចមួយកំណាត់ក្រោយទាំងស្រុង។

បន្ទាប់មកមិនព្រមឈប់ស្ងៀមនោះឡើយ បានបើកទៅមុខវិញម្ដងក្នុងសម្តៅពីត្បូងទៅជើង ប៉ុន្តែមិនអាចទៅត្រង់បានទេ ព្រោះខូចមួយកំណាត់ក្រោយមិនដំណើរការទៅហើយ ក៏បានរេចង្កូតជ្រុលទៅបុកជញ្ជាំងផ្ទះល្វែងមួយទៀត ដែលស្ថិតនៅ ខាងស្ដាំដៃយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតក្រពឹតរួញមួយកំណាត់មុខទៀត ទើបទៅមុខ លែងរួច ហើយបុរសអ្នកបើកបររថយន្តកាមរីឆ្លាមនោះ បានរងរបួសយ៉ាងធ្ងន់ និងត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបុរីពិភពថ្មី ស្ថិតនៅតាមបណ្ដាយផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តកាមរីឆ្លាម១គ្រឿងនោះ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2I-7765 ចំណែកបុរសដែលជាអ្នកបើក បរមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ ហើយមិនដឹងថារូបគេស្រវឹងស្រា ឬងងុយដេក បែបណានោះទេ ទើបបានជាបើករថយន្ត បុករថយន្តកុងតឺន័រ និងផ្ទះល្វែងជាបន្តបន្ទាប់បែបនេះ។ មិនតែប៉ុណ្ណោះក៏បាន បណ្ដាលឲ្យជញ្ជាំងផ្ទះទាំងពីរនោះរងការខូចខាតផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលមូលដ្ឋានចុះទៅធ្វើការវាស់វែង និងស្ទូចយករថយន្តនោះនាំ ទៅរក្សាទុកនៅប៉ុស្ដិ៍កន្ទោកដើម្បីរងចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់