ភ្នំពេញៈ ជារឿងសាទរបន្ទាប់ពីទឹកភ្នែកស្រក់ចុះអស់ប៉ុន្មានថ្ងៃ នៅពេលម្ចាស់អាចរកឃើញម៉ូតូរបស់ខ្លួនវិញ ដែលត្រូវចោរលួចយកទៅអស់៣ថ្ងៃ។ បើទោះជាម៉ូតូត្រូវបានរកឃើញ ក៏ប៉ុន្តែស្លាកលេខសម្រាប់សម្គាល់ម៉ូតូនេះ ត្រូវបានបាត់ជំនួសវិញ ដោយសារជនល្មើសដោះចេញ។
មន្ត្រីអាវុធហត្ថខណ្ឌទួលគោក ប្រាប់ Post News នៅថ្ងៃទី៦ ខែធ្នូនេះថា ជនរងគ្រោះឈ្មោះ ជូ សារិទ្ធ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមន្ត្រីរដ្ឋសភា បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៤E០ ផ្លូវ២១៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ កាលពីវេលាម៉ោង៥៖៣០នាទី ទៀបភ្លឺ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ជនរងគ្រោះបានបាត់ម៉ូតូម៉ូតូមួយគ្រឿងម៉ាក និច (Nex) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DB-1033 នៅម្ដុំសាលាបញ្ញាជាតិ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដោយសារចោរកាច់សោកយកទៅ។ ក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថខណ្ឌទួលគោក ដើម្បីកំណត់មុខសញ្ញា និងស្រាវជ្រាវតាមនីតិវិធី។
ជាសំណាងល្អ! រយៈពេល៣ថ្ងៃក្រោយមក ជនរងគ្រោះ ជូ សារិទ្ធ ដែលជាមន្ត្រីធ្វើការនៅរដ្ឋសភា ក៏បានប្រទះឃើញម៉ូតូរបស់ខ្លួន នៅម្ដុំហាងមួយជិតសាលាហេឡូអាមេរិកកាំង ផ្លូវលេខ២៦៥ ហើយហៅសមត្ថកិច្ចទៅយកម៉ូតូវិញ។ ប៉ុន្តែជនល្មើសមិនត្រូវបានចាប់ខ្លួនឡើយ ដោយសារពួកគេដឹងមុន រួចរត់គេចខ្លួនបាត់ស្រមោល ដោយទុកម៉ូតូចោលទាំងគ្មានស្លាកលេខ។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់ម៉ូតូជូនជនរងគ្រោះវិញហើយ ប៉ុន្តែរហូតមកទល់នឹងថ្ងៃនេះ ជនរងគ្រោះនៅមិនទាន់អាចអនុញ្ញាត ដើម្បីធ្វើស្លាកលេខថ្មីបានឡើយ៕
មតិយោបល់