ព័ត៌មានជាតិ

នៅមិននៅទៅលួចលុយនិងទូរសព្ទរបស់គេ! ជាប់ខ្នោះទាំង២នាក់ប្តីប្រពន្ធ

ភ្នំពេញៈ ជនសង្ស័យ២នាក់ប្តីប្រពន្ធ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពចូលលួចយកទូរសព្ទនិងលុយរបស់ប្រជាពលរដ្ឋតាមបន្ទប់ជួលបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ វិញ ហ៊ុល ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ខុម សុខខេន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ អ្នកទាំង២នាក់ ជាប្តីប្រពន្ធស្នាក់នៅបន្ទប់ជួលភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះមានឈ្មោះ សួន រំដួល ភេទស្រីអាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី២ ស្នាក់នៅបន្ទប់ជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុ ខ្លួនបានបិតទ្វាបន្ទប់ជួលតែមិនបានចាក់សោរទេ ដោយបានទៅហូបបាយថ្ងៃត្រង់ និងទុកទូរសព្ទមួយគ្រឿងម៉ាកស៊ាំសុង ពណ៌ស និងលុយចំនួន២៨ម៉ឺនរៀលនៅក្នុងបន្ទប់។ ក្រោយពីត្រឡប់មកពីហូបបាយវិញស្រាប់តែចៅស្រីម្ចាស់ផ្ទះអាយុប្រហែល៧ឆ្នាំបានប្រាប់ខ្លួនថាមាន២នាក់ប្តីប្រពន្ធ បានចូលក្នុងបន្ទប់របស់ខ្លួនមិនដឹងថាលួចអ្វីទេ ទើបនាងប្រញាប់រុញទ្វាចូលមើលក្នុងបន្ទប់ជួល ស្រាប់តែបាត់ទូរសព្ទដៃនិងលុយចំនួន២៨ម៉ឺននោះ ជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាតាមរកប្តីប្រពន្ធខាងលើ ក៏ប្រទះ ឃើញ និងចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដើម្បីសាកសួរតែម្តងដោយដកហូតបានទូរសព្ទដៃមួយគ្រឿងមកវិញ ចំណែកលុយបាត់រកមិនឃើញទេ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ២នាក់ប្តីប្រពន្ធបានប្រាប់ថា ពួកគេពិតជាបានធ្វើសកម្មលួចយកទូរសព្ទដៃខាងលើរបស់ជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែលុយ២៨ម៉ឺនរៀលទៀត ពួកគេមិនបានយកទេ។ ហើយចំពោះករណីនេះដែរជនរងគ្រោះមិនបានប្តឹងផ្តល់អ្វីនោះទេ គ្រាន់តែសុំឲ្យសមត្ថកិច្ចធ្វើការអប់រំតែប៉ុណ្ណោះ៕

លួចលួចលួច

មតិយោបល់