ត្បូងឃ្មុំៈ ករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុងពណ៌ខៀវ បើកទៅបុកបុស្តិ៍ត្រួតពិនិត្យច្រកទ្វារទ្វេរភាគីដារ កាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូ ប៉ុស្តិ៍ច្រកទ្វារទ្វេភាគីដារ ស្ថិតនៅភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយរថយន្តម៉ាកហ៊ីយ៉ានដាយ ក្បាលពណ៌ស ទ្រុងពណ៌ខៀវ (ដឹកដំឡូងមី) ពាក់ស្លាកលេខ កំពង់ចាម 3A-2706 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ ក្រោយពេលកើតហេតុភ្លាម បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ានដាយ១គ្រឿងខាងនេះ បើកបរក្នុងល្បឿនលឿន ខណៈមកដល់ទីតាំងកើតហេតុខាងលើបានដាច់ហ្វ្រាំង ជ្រុលទៅ បុកប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកទ្វារទ្វេភាគីដារ បណ្តាឲ្យស្លាប់ និងរបួសមនុស្សចំនួន៦នាក់ មានដូចជា ទី១. ឈ្មោះ ខន សុឃីម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រូឡាន រស់នៅ ភូមិ៣៥ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម (ស្លាប់នៅនឹងកន្លែងកើតហេតុ) ទី២. ឈ្មោះ ឈាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់អាស័យដ្ឋាន (របួសស្រាល ) ជាកម្មករ ទី៣. ឈ្មោះ បូរ៉ាត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់អាស័យដ្ឋាន (របួសស្រាល) ជាកម្មករ ទី៤. ឈ្មោះ ឌឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់អាស័យដ្ឋាន (របួសស្រាល) ជាកម្មករ ទី៥. ឈ្មោះ ងន់ តៃឆេន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំការនៅច្រកទ្វារទ្វេភាគីដារ(របួសស្រាល) និងទី៦. ឈ្មោះ វ៉ាន់ តុលា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារទ្វេភាគីដារ (របួសស្រាល)។
សមត្ថកិច្ចបញ្ជាក់ទៀតថា ការខូចខាតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមាន រថយន្ត១គ្រឿង ម៉ូតូ៣គ្រឿង ទូរទស្សន៍៣គ្រឿង និងប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកទ្វារដារត្រូវខូចខាតទាំងស្រុង។
ក្រោយពេលកើតហេតុ កម្លាំងជំនាញនគរបាលចរាចរណ៍បានត្រួតពិនិត្យ វាស់វែង និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់