ព័ត៌មានជាតិ

ក្មេងលេងឈ្លោះគ្នា ម្តាយខឹងយកកាំបិតអារមុខ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: ស្រ្តីម្នាក់ត្រូវបានកម្លាំងនគរបាលចុះទៅឃាត់ខ្លួននាំទៅប៉ុស្តិ៍ បន្ទាប់ពីប្រើអំពើហិង្សា ប្រដាប់ដោយកាំបិតអារមុខក្មេងស្រីម្នាក់អាយុទើប៥ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ហូរឈាមប្រឡាក់ពេញឥដ្ឋការ៉ូ ដើមចមបណ្តាលមកពីក្មេងៗលេងឈ្លោះគ្នា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង១០រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរី ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយ:ពេញមុខ ។ ចំណែកស្ត្រីជនបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៦ ជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារ ក្មេងស្រីរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងមក កូនប្រុសរបស់ស្ត្រីបង្ក អាយុ២ឆ្នាំ លេងជុំគ្នាជាមួយក្មេងស្រីរងគ្រោះ និងក្មេងផ្សេងទៀត ហើយក្មេងប្រុសជាកូនស្ត្រីបង្កបានដេញកប់លេងទៅលើក្មេងរងគ្រោះ តែមិនត្រូវ លុះក្មេងរងគ្រោះគប់វិញត្រូវ របួសធ្វើឲ្យយំ ទាំងម្តាយក្មេងស្រីនាំជូនទៅពេទ្យដេរ១ថ្នេរ ជាហេតុធ្វើឲ្យស្ត្រីបង្កជាម្តាយក្មេងប្រុសខឹង មានចិត្តគុំគួន ប៉ងសងសឹកជំនួសកូនវិញ លុះមកដល់រសៀលថ្ងៃទី១៦នេះ ក្មេងៗច្រើននាក់កំពុងលេងនៅមុខ ស្ត្រីដៃដល់ឃើញ ប្រដាប់ដោយកាំបិតចេញមក អារមុខក្មេងស្រីរងគ្រោះ សងសឹកជួសកូន បណ្តាលឲ្យរងរបួសធ្ងន់ ហើយរត់ចូលទៅសម្ងំក្នុងផ្ទះបាត់ ។

ក្រោយកើតហេតុក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកស្ត្រីបង្កត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សំរោងក្រោម និងប៉ុស្តិ៍កាកាប២ ចុះទៅ ឃាត់នាំស្ត្រីដៃដល់ទៅសាកសួរនៅប៉ុស្តិ៍សំរោងក្រោម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ផ្នែកតាមបណ្តឹងភាគីរងគ្រោះ ៕

មតិយោបល់