នៅថ្ងៃព្រឹកថ្ងៃទី៧ ធ្នូនេះ ផលិតករប៉ុស្ដិ៍លេខ៥ បានប្រកាសពីការចងក្រងប្រវត្តិរឿងនាងនាថបាត់ដំបង ដើម្បីចេញថតជាភាពយន្តភាគលើកដំបូង ដោយបានដាក់ចំណងជើងថា«នាងនាថបាត់ដំបង»។ មុនចេញថតរឿងនេះ ផលិតករ បានអះអាងថាការស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធនឹងរឿងនិទាននាថនៅបាត់ដំបង ត្រូវបានឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យរឿងដែលបានផលិតឡើង មានដំណើរសាច់រឿងឲ្យត្រូវនឹងប្រវត្តិរឿងនិទានរបស់រឿងនេះ។
លោក ហួង តារាមុន្នី ប្រធានផ្នែកផលិតភាពយន្តប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា ដោយសារតែលោកបានកត់សម្គាល់ឃើញថា ប្រវត្តិរឿងនាងនាថនៅខេត្តបាត់ដំបង មានភាពទាក់ទាញ ទើបក្រុមការងាររបស់ប៉ុស្ដិ៍លេខ៥ សម្រេចបោះទុនចងក្រងជាឯកសារ និងរៀបចំសាច់រឿង ដើម្បីផលិតជាភាពយន្តភាគ។ លោកថាខ្សែរឿង«នាងនាថបាត់ដំបង» នឹងដំណើរការចេញថតចាប់ពីថ្ងៃក្រុងពាលី ដោយរឿងទាំងមូលត្រូវបានប្រគល់សិទ្ធិឲ្យក្រុមផលិតករថៃ ជាអ្នកដឹកនាំចេញថតដើម្បីឲ្យរឿងផលិតចេញ គឺមានគុណភាព។ លោកថាទីតាំងសម្រាប់ថតរឿងនេះ មួយចំនួនស្ថិតនៅខេត្តបាត់ដំបង និងមួយចំនួននៅខេត្តកំពង់ឆ្នាំង និងកំពង់ស្អឺ ដើម្បីជ្រើសយកទីតាំងភូមិបុរាណ ឲ្យត្រូវនឹងសាច់រឿង។ លោកថាខ្សែរឿង«នាងនាថបាត់ដំបង»នឹងក្លាយជារឿងភាគលេចធ្លោក្នុងពេលដាក់បញ្ចាំង នៅអំឡុងដើមឆ្នាំ២០១៧ ដោយសារតែរឿងមួយនេះ មានការទាក់ទាញក្នុងស្រទាប់មហាជនទូលំទូលាយ មកហើយនាពេលកន្លងមក។ លោកថាក្រោយសម្រេចបានក្រងឯកសារពាក់ព័ន្ធនឹងរឿងនិទាន ពីនាងនាថនៅបាត់ដំបង ផលិតករប៉ុស្ដិ៍លេខ៥ក៏ជម្រើសយកតារាសម្ដែង នី មុន្ននាថ និងលោកញ៉ែម សុគន្ធ ឲ្យសម្ដែងតួឯក ដោយតារាប្រុសស្រីទាំងពីរ គឺមានត្រេមុខស័ក្តសមនឹងរឿងនិទានបែបបុរាណមួយនេះ។ លោកថាភាពយន្តរឿងភាគនាងនាថ និងរឿងដុំគឺរឿងភាគមានឈុតឆាកក្បោះក្បាយជាង ទើបលោកយល់ថាក្នុងពេលចាក់ផ្សាយ គឺពិតជាមានមហាជនចាប់អារម្មណ៍។ លោកនិយាយថានេះគឺជាសមិទ្ធផលធំមួយ ដែលប៉ុស្ដិ៍លេខ៥ចំណាយទុន បន្ទាប់ពីមើលឃើញថាប្រវត្តិរឿង«នាងនាថបាត់ដំបង» មានមនុស្សច្រើននៅឡើយចង់ដឹងចង់ទស្សនា បើផលិតជារឿងភាគផ្លូវការ។ លោក ហួង តារាមុន្នី បានអះអាងថាបើទោះជារឿង«នាងនាថបាត់ដំបង» ទើបនឹងក្រុងពាលីប្រកាសចេញថត ប៉ុន្តែឈុតឆាកសំខាន់ៗមួយចំនួន ត្រូវបានថតខ្លះៗមកហើយ ដើម្បីប្រើជាស្ពតផ្សព្វផ្សាយ និងឃោសនាក្នុងថ្ងៃក្រុងពាលី ។
ខាងក្រោមនេះជាទិដ្ឋភាពតារាសិល្បៈ និងផលិតករចូលរួមក្នុងពិធីក្រុងពាលី នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ធ្នូ៖
មតិយោបល់